ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨និង៣០ នាទី នៅចំណុច ភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់របស់លោកវរសេនីយ៍ឯកលឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ព្រមទាំងបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ បុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំឃាត់ខ្លួន ជនសង្ស័យចំនួន ០១នាក់ ឈ្មោះ វាន់ ជឿន ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិស្ពាន ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ពាក់ព័ន្ធ ករណីធ្វើឱ្យខូចខាតដោយចេតនា គប់កញ្ចក់រថយន្ត ដែលបើកបរលើដងផ្លូវ។
សូមជម្រាបជូនថា កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ នៅចំណុចភូមិ ដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានប្រើប្រាស់ដុំថ្មគប់កញ្ចក់រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 3C 27 23 បែកកញ្ចក់ទ្វាររថយន្តផ្នែកខាងស្ដាំ ក្នុងខណៈរថយន្តនេះកំពុងបើកបរលើដងផ្លូវ ប៉ុន្តែមិនបណ្តាលឱ្យមានរបួសស្នាម ដល់មនុស្សឡើយ ។
នៅក្រោយពេលកើតហេតុជនរងគ្រោះ ជាម្ចាស់រថយន្តឈ្មោះ ស៊ា សេង ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅភូមិ គីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានដាក់ពាក្យបណ្តឹង ចូលទៅសមត្ថកិច្ចនគរបាលមូលដ្ឋាន ពីករណីនេះ ហើយឆ្លងតាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានពីមុខសញ្ញានេះ រហូតឈានទៅធ្វើការឃាត់ខ្លួនបានតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង័្សយបានឆ្លើយសារភាពថា រូបគេតែម្នាក់ឯង ហើយតែម្តងគត់ ដែលបានយកដុំថ្មគប់ទៅលើរថយន្ត នៅទីកន្លែងកើតហេតុនោះ ប្រាកដមែន ហើយចំពោះមូលហេតុ ដែលខ្លួនគប់នេះ គឺដោយសាររថយន្តនោះ បើកភ្លើងភ្លឺធ្វើឱ្យចាំងភ្នែក ។ ទោះជាយ៉ាងណានេះ គឺជាការលើកឡើងរបស់ជនសង័្សយតែប៉ុណ្ណោះ ក៏ប៉ុន្តែសមត្ថកិច្ច រួមទាំងអ្នកធ្វើដំណើរនៅពេលយប់ឆ្លងកាត់មូលដ្ឋាននេះ បានបង្ហាញថា មានករណីគប់កញ្ចក់រថយន្តផ្សេងទៀតនៅទីនោះ នាពេលកន្លងមក។
បច្ចុប្បន្នសមត្ថកិច្ចកំពុង កសាងសំណុំរឿង បញ្ជូនជនសង្ស័យ មកការិយាល័យជំនាញ ដើម្បីចាត់ការបញ្ជូនបន្ត ទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ