ភ្នំពេញ ៖ បើទោះជាខណៈពេលនេះ រាជរដ្ឋាភិបាល ក្រសួងខាភិបាល ស្ថាប័នពាក់ព័ន្ធ និងជាពិសេស ក្រុមគ្រូពេទ្យកងទ័ពអាវស កំពុងដុតដៃដុតជើងយ៉ាងសស្រាក់សស្រាំ សឹងពុំមានពេលហូបបាយទឹក និងការសម្រាកពុំគ្រប់គ្រាន់ផងនោះ ក៏មានមនុស្សគំនិតផ្ទុយនិយមជាច្រើននៅក្នុងបណ្តាញសង្គម បែរជាបានលើកឡើងថា គ្មានកូវីដស្អីនោះទេ តាមពិតនេះគ្រាន់តែជាការសម្តែងប៉ុណ្ណោះ។
ជាក់ស្តែង គឺពួកគេបានលើកឡើងបែបនេះ ស្របពេលដែលមានករណីកូវីដ១៩ បានផ្ទុះឆ្លងតារាល្បីៗជាបន្តបន្ទាប់ ក្នុងនោះ ពួកគេក៏បានផ្តោតចោទប្រកាន់ទៅលើតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ថាជាតារាគេជួលឲ្យសម្តែងជាដើម។ តែយ៉ាងណា នេះគ្រាន់តែជាពាក្យសម្រាប់អ្នកយល់ឆ្វេងនិយមប៉ុណ្ណោះ ដែលមិនទទួលស្គាល់នូវធាតុពិតជាក់ស្តែង។
ក្រោយពីបានឃើញមនុស្សមួយចំនួន នៅក្នុងបណ្តាញសង្គម នាំគ្នាមិនជឿ និងគិតឃើញតែរឿងអវិជ្ជមាននោះ អ្នកគ្រូពេទ្យម្នាក់ក៏បានចេញមកបញ្ជាក់គួរឲ្យព្រួយចិត្តកាន់តែខ្លាំងតែម្តង ព្រោះថាពេលនេះ មិនត្រឹមតែកើតច្រើនទេ គឺកំពុងតែធ្ងន់ធ្ងរទៀតផង។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Socheat Thorn ជាគ្រូពេទ្យម្នាក់កំពុងចូលរួមមើលថា និងព្យាបាលអ្នកជំងឺកូវី១៩ នៅក្នុងសណ្ឋាគារ The Great Duke ផ្ទាល់ បានបង្ហោះសារបញ្ជាក់យ៉ាងច្បាស់ៗគួរឲ្យតក់ស្លុតថា៖ «មានអ្នកជំងឺច្រើនណាស់ ដែលលស្ថិតក្នុងសភាពធ្ងន់ សូមកុំគិតថានេះជាការសម្តែងឲ្យសោះ! សូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ កុំ ៣ កាពារ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


