សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី២៦ ខែមីនា នេះបានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ នេះ ខេត្តសៀមរាប បានរកឃើញ វិជ្ជមានកូវដ១៩ បុគ្គលទី៧ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ទៅលើឈ្មោះ ពៅ ឧស្សាហ៍ ភេទស្រី អាយុ១៧ឆ្នាំ ជាបុគ្គលិកនៅហាងកាហ្វលឹង្គ១០០០ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
រដ្ឋបាលខេត្តសៀមរាបបន្តថា ករណីនេះ គឺមានទំនាក់ទំនងជាមួយ លោក ហ៊ឹម វណ្ណៈ មុខរបរជាអ្នកបើកបររថយន្តដឹកភ្ញៀវ នឹង បានយកសំណាកធ្វើតេស្តលទ្ធផលវិជ្ជមាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ដោយ លោក ហ៊ឹម វណ្ណៈ បានចូលទៅហាងកាហ្វេខាងលើកាលពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។ បច្ចុប្បន្នគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្រេចបិទហាងកាហ្វលឹង្គ១០០០ ជាបណ្តោះអាសន្នរហូតដល់ ស្ថានភាពទៅវិលរកភាពប្រក្រតីឡើងវិញ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលមានទំនាក់ទំនង នឹងទីតាំងហាងកាហ្វេ ឬអ្នកវិជ្ជមានទាំងពីររូបខាងលើសូមរួសរាន់មកយកសំណាក នៅមណ្ឌលចិត្តា ឡីស័កសាលាគរុកោសល្យ។ រាល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ០១២ ៥២២ ៤២៧, ០៦៦ ៣៦៤ ៦៤៦ និង ០៦៩ ៧៧៣ ២២៣។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបាន ម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕ រក្សាសិទ្ធិដោយ៖ចេស្តារ