អង្គការអុកស្វាម បានបង្ហាញការស្វាគមន៍ចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់អាទិភាពដល់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាក្រុមងាយរងគ្រោះខ្លាំងបំផុតដូចជាអ្នកលក់ដូរតាមផ្លូវ អ្នកបើកបរតាក់ស៊ី និងម៉ូតូកង់បី កម្មករអនាម័យ បុគ្គលិកផ្នែកសេវាកម្ម កម្មកររោងចក្រ និងអ្នកដែលមិនអាចធ្វើការពីផ្ទះបាន ឲ្យទទួលបានវាក់សាំងកូវីដ១៩ បន្ទាប់ពី “យុទ្ធនាការ ១៥ថ្ងៃ ចាក់វាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនដល់មនុស្សចាស់” ។
ការផ្តល់អាទិភាពនេះ នឹងមិនត្រឹមតែបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចែកចាយវាក់សាំងប្រកបដោយសមធម៌នោះទេ ប៉ុន្តែវាជួយរក្សាសេដ្ឋកិច្ចកម្ពុជាឲ្យបន្តដំណើរទៅមុខ ក្នុងកាលទេសដ៏លំបាកនេះផងដែរ។
កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងនេះ បាននឹងកំពុងប្រយុទ្ធប្រឆាំងក្នុងការសង្រ្គោះជីវិតរបស់ពួកគេ តាំងពីជំងឺកូវីដ១៩ រាតត្បាតដំបូងមកម៉្លេះ។ ពួកគេមួយចំនួនធំបានបាត់បង់ការងារ និងត្រូវ តស៊ូរៀងរាល់ថ្ងៃដើម្បីចិញ្ជឹមខ្លួនឯង និងគ្រួសារ។ ជម្ងឺដែលរីករាលដាលពេញប្រទេស និងទូទាំងពិភពលោកនេះ បានបង្រៀនយើងឲ្យដឹងថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងនេះ ដើរតួនាទីយ៉ាងសំខាន់។ ពួកគេប្រថុយប្រថានជីវិត និងបន្តផ្តល់ការថែទាំកូនៗរបស់ពួកយើង ដេរខោអាវសម្រាប់យើង ចំអិនអាហារ ដឹកយើងទៅមន្ទីរពេទ្យ សម្អាតផ្លូវ សម្អាតលូទឹកស្អុយ ប្រមូលសំរាម និងការងារ ផ្សេងៗទៀត ហើយដែលសំខាន់នោះ គឺពួកគេជួយឲ្យយើងមានសុវត្ថិភាព និងមានសុខភាពល្អ។
ដូច្នេះ នៅពេលក្រុមងាយរងគ្រោះទាំងនេះទទួលបានវាក់សាំង យើងទាំងអស់គ្នានឹងមានសុវត្ថិភាពផងដែរ។ កម្មវិធីជំនួយវិបត្តិកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា បានចែកជូនប្រជាពលរដ្ឋចំនួន ២លាន៨សែននាក់ រហូតមកដល់ពេលនេះ ដោយរួមទាំងអ្នកធ្វើការជួរមុខ។
សេដ្ឋកិច្ចប្រទេសកម្ពុជានឹងចាប់ផ្តើមប្រសើរឡើងវិញ នៅពេលដែលប្រជាពលរដ្ឋគ្រប់រូប ទទួលបានវាក់សាំងប្រកបដោយប្រសិទ្ធិភាព។ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចំណែករហូតដល់ ៧០% នៃផលិតផលក្នុងស្រុកសរុប ការធ្លាក់ចុះនៃវិស័យនេះ នឹងនាំប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ដែលរួចផុតពីភាពក្រីក្រ មកធ្លាក់ក្នុងភាពងាយរងគ្រោះខ្លាំង និងពន្យារវិបត្តិសេដ្ឋកិច្ចឲ្យកាន់តែវែងឆ្ងាយច្រើនឆ្នាំទៅមុខទៀត។
អង្គការអុកស្វាមសង្ឃឹមយ៉ាងមុតមាំថា វាក់សាំងបន្ទាប់ដែលមកដល់កម្ពុជានៅថ្ងៃនេះ នឹង ផ្តល់អាទិភាពដល់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាក្រុមងាយរងបំផុតឱ្យទទួលបានគ្រប់ៗគ្នា៕ រក្សាសិទ្ធិដោយ៖CEN


