ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងថា កម្ពុជា-វៀតណាម បានឯកភាពគ្នា និងបញ្ចប់នីតិវិធីផ្ទៃក្នុង សម្រាប់បន្ដសុពលភាពនៃកិច្ចសម្របសម្រួលជំរុញពាណជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដោយកម្ពុជាបន្ដទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ លើមុខទំនិញចំនួន៣១ បន្ទាត់ពន្ធគយ រយៈពេល២ឆ្នាំគឺឆ្នាំ២០២១ និងឆ្នាំ២០២២។
សម្រាប់ទំនិញចំនួន៣១ បន្ទាត់ពន្ធគយ ដែលកម្ពុជានាំទៅវៀតណាម ក្នុងភាពអនុគ្រោះពន្ធសូន្យភាគរយ និងមានដើមកំណើតនៅកម្ពុជា ដូចមានក្នុងឧបសម្ព័ន្ធ។ បញ្ហារីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ បានធ្វើឲ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងវៀតណាម កាលពីឆ្នាំ២០២០ បានថមថយចុះ។ កម្ពុជា ក្នុងរយៈពេលដើមឆ្នាំ២០២១នេះ បាននាំចេញទៅកាន់ប្រទេសវៀតណាម មានទឹកប្រាក់ ៤៨លានដុល្លារ ខណៈការនាំចូលពីវៀតណាម មានទឹកប្រាក់រហូតដល់ ២៧១លានដុល្លារ។

គួរបញ្ជាក់ថា ផលិតផលសំខាន់ៗ ដែលវៀតណាម នាំចូលមកកម្ពុជា មានដូចជា ដែក ដែកថែប ប្រេងសាំង ផលិតផលវាយនភណ្ឌសម្លៀកបំពាក់ និងផលិតផលកសិកម្ម ដូចជាត្រីសាច់ និងបន្លែផ្លែឈើ ព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗ ជាច្រើនទៀត។ ចំណែកឯផលិតផល ដែលកម្ពុជានាំចេញ ទៅវៀតណាមវិញ មានដូចជា គ្រាប់ស្វាយចន្ទី កៅស៊ូ ឈើ និងផលិតផលធ្វើពីឈើ បន្លែផ្លែឈើ និងផលិតផលមួយចំនួនទៀត៕
រក្សាសិទ្ធិដោយ៖CEN




