ខេត្តកំពង់ស្ពឺ ៖ ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ លោក សំ សារឿន បានឱ្យដឹងថា បើទោះបីជា ពិភពលោក ក៏ដូចជាកម្ពុជា កំពុងរងនូវការរាតត្បាតពីជំងឺកូវីដ១៩ក៏ដោយ ក៏ស្ករត្នោតកំពង់ស្ពឺ បាននាំចេញទៅទីផ្សារក្រៅប្រទេសប្រមាណ ៥០តោន នៅក្នុងរយៈពេល៣ខែ ឆ្នាំ២០២១នេះ។
ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺរូបនេះ បានអះអាងថា បច្ចុប្បន្ន ក្រុមហ៊ុនចំនួន ១២ ដែលបាននាំចេញផលិតផលស្ករត្នោតទៅ ២៥ប្រទេស មានទីផ្សារនៅតំបន់អឺរ៉ុប។ ក្រៅពីនោះ មានទីផ្សារនៅប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុនជាដើម។ លោកអះអាងទៀតថា ឥឡូវនេះ មានក្រុមហ៊ុនប្រទេសឥណ្ឌា បានកម្មង់ទិញស្ករត្នោតតាមរយៈអាជីវករចន្លោះពី ៣០ ទៅ ៤០តោន ដូច្នេះមិនទាន់អាចធានាថា ផលិតបានគ្រប់ចំនួនតាមតម្រូវការកម្មង់បញ្ជាទិញរបស់គេនៅឡើយទេ ដោយសារតែយើងជួបវិបត្តិកូវីដ១៩។ ដោយឡែក កាលពីឆ្នាំ២០២០ យើងបាននាំចេញស្ករត្នោតចំនួន ២៥០តោន ក្នុងនោះ យើងបាននាំចេញទៅក្រៅប្រទេសបានចំនួនតែ ១៣០តោនប៉ុណ្ណោះ។
ប៉ុន្តែយ៉ាងណាក៏ដោយ លោកអះអាងថា ការនាំចេញស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលសម្គាល់ភូមិសាស្ត្ររបស់កម្ពុជា នៅពេលនេះ មិនទាន់អាចប៉ាន់ស្មានថា នឹងមានកំណើន ឬក៏ថយនោះទេ ខណៈដែលជំងឺជំងឺកូវីដ ១៩ នៅតែបន្តរាលដាលខ្លាំងឡើងៗ។
លោក បានប្រាប់ឲ្យដឹងថា ដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សារនាំចេញ សមាគមបានបង្កើនសមាជិកអ្នកផលិតនាពេលបច្ចុប្បន្ន រហូតដល់ ១៥០គ្រួសារ ដូច្នេះសមាគមក៏កំពុងជំរុញការផ្សព្វផ្សាយដល់អ្នកប្រើប្រាស់ក្នុងស្រុកពីស្លាកសញ្ញាសម្គាល់ផលិតផលស្ករត្នោតកំពង់ស្ពឺ ដើម្បីទប់ស្កាត់ការក្លែងបន្លំស្ករត្នោតផងដែរ។ ស្ករត្នោតកំពង់ស្ពឺ ដែលមានការបានបញ្ជាទិញពីអ្នកផលិត ក្នុងរដូវកាលបន្ទាប់នេះ គឺមានតម្លៃ ៦៨០០រៀល ក្នុង ១គីឡូក្រាម បើធៀបឆ្នាំមុន មានតម្លៃប្រហាក់ប្រហែលគ្នា។
បើតាមប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានឱ្យដឹងថា ដើម្បីជំរុញឲ្យអ្នកផលិតបង្កើនការផលិតស្ករត្នោត សមាគម បានត្រឹមតែធ្វើការជាមួយកសិករតាមរយៈតែទូរស័ព្ទប៉ុណ្ណោះ ដោយបញ្ហា ប្រឈមរបស់សមាគម គឺមិនហ៊ានចុះទៅតាមភូមិជួបកសិករផ្ទាល់ទេ ដោយសារតែភ័យខ្លាច ការឆ្លងជំងឺកូវីដ ១៩ ដែលបានកំពុងផ្ទុះខ្លាំងឡើង ធ្វើឱ្យឆ្លងនៅតំបន់មួយចំនួន ហើយនៅតំបន់ខ្លះទៀត អាជ្ញាធរកំពុងតែពិនិត្យ និងតាមដានថា អាចមានវិជ្ជមានជំងឺនេះដែរឬទេ។
គួរបញ្ជាក់ថា ស្ករត្នោតកំពង់ស្ពឺ ជាផលិតផលដែលមានប្រភពផ្សារភ្ជាប់ជាមួយដែនដី កត្តាធម្មជាតិ និងវិធីសាស្ត្រផលិតបែបប្រពៃណី ដែលត្រូវបានសិក្សាកំណត់ និងស្ថិតនៅក្រោមប្រព័ន្ធត្រួតពិនិត្យច្បាស់លាស់ ពីនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។ ផលិតផលសម្គាល់ភូមិសាស្ត្រនេះ មិនត្រឹមតែទទួលបានកេរ្តិ៍ឈ្មោះល្បីនៅលើទីផ្សារជាតិ និងអន្តរជាតិ ប៉ុន្តែថែមទាំងទទួលបានការបញ្ជាទិញយ៉ាងច្រើន ពីទីផ្សារប្រទេសអឺរ៉ុប៕
រក្សាសិទ្ធិដោយ៖CEN

