Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំបែកសំបុកក្រុមចោរឆក់ ចាប់ឃាត់ខ្លួនជនសង្ស័យជាសិស្ស ចំនួន៥នាក់ , បក្ខពួកនៅសេសសល់ កំពុងរត់គេចខ្លួន

ភ្នំពេញ ៖ កម្លាំងនគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ត្រពាំងក្រសាំង បានបើកការស្រាវជ្រាវក្រុមជនសង្ស័យ ដែលតែងតែធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវនៅមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់។

លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នៅវេលាម៉ោង៦យប់ថ្ងៃទី១៨ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ មានជនសង្ស័យមួយក្រុមបានជិះម៉ូតូឆក់យកទូរស័ព្ទដៃពីស្រ្តីម្នាក់ បានសម្រេចនៅចំណុចផ្លូវបេតុង ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
បន្ទាប់ពីក្រុមជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច និងគេចខ្លួនដោយសុវត្ថិភាពរួចមក ស្ត្រីរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង។

ដោយមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានបើកការស្រាវជ្រាវតាមប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាពដែលបំពាក់តាមដងផ្លូវមួយចំនួន នៅក្បែរកន្លែងកើតហេតុ និងកំណត់មុខសញ្ញាជនសង្ស័យតាមរយៈផ្លាកលេខម៉ូតូ របស់បក្ខពួកជនសង្ស័យ ជាលទ្ធផលនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់ ចំណែកបក្ខពួកដែលនៅសេសសល់កំពុងតែរត់គេចខ្លួន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ខាងលើរួមមាន ទី១ ឈ្មោះ សុខ អ៊ុយឡាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិគោកឃ្លាង ខណ្ឌសែនសុខ។ ទី២ ឈ្មោះ រី ដារីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ទី៣ ឈ្មោះ ឈឹម ផ័រច័ន្ទធានី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ទី៤ ឈ្មោះ ធឿន ចំរើនថៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិបប្រក់ខាងជើងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ និងទី៥ ឈ្មោះ ឈួន សុធារ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិយកបាត ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ និងដកហូតម៉ូតូចំនួន២គ្រឿង ដែលជាមធ្យោបាយសម្រាប់ជិះធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិ របស់អ្នកដំណើរតាមផ្លូវសាធារណៈ ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមនិងវត្ថុតាងកំពុងតែឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង បន្តបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖សួង សាម

×