ភ្នំពេញ ៖ ត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះ ផ្ទះឈើប្រក់ក្បឿង១ខ្នង ត្រូវបានភ្លើងឆាបឆេះក្លាយទៅជាផេះ ហើយបណ្ដាលឲ្យកូនស្រីម្ចាស់ផ្ទះម្នាក់ រលាកភ្លើងរងរបួសយ៉ាងដំណំផងដែរ សង្ស័យបណ្ដាលមកពីភ្លើងធូបដែលម្ចាស់ដុតសែនថ្ងៃសីល។ ដោយឡែកទ្រព្យសម្បត្តិនិងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះនោះ ត្រូវភ្លើងឆេះគ្មានសល់ រួមទាំងរថយន្តម៉ាកតូយ៉ូតាកាមរី១គ្រឿងផងដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិស្នោរខាងលិច សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ផ្ទះខាងលើសាងសង់ពីឈើប្រក់ក្បឿងដែលមានម្ចាស់ផ្ទះ ប្ដីឈ្មោះ សៀង ណម អាយុជាង៦០ឆ្នាំ និងប្រពន្ធឈ្មោះខឹម ផេន អាយុជាង៦០ឆ្នាំដូចគ្នា ចំណែកឯកូនស្រីដែលរងរបួសឈ្មោះសំណាង អាយុជាង៣០ឆ្នាំ។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុកូនស្រី ដែលរងរបួសនិងចៅៗរបស់ពួកគាត់ បាននៅផ្ទះ ចំណែកម្ចាស់ផ្ទះទាំង២នាក់ប្ដីប្រពន្ធ ពុំបាននៅផ្ទះនេះទេ ពួកគាត់បានទៅនៅផ្ទះមួយទៀត ។ ក្រោយមក កូនស្រីគាត់បានទៅស្រោចទឹកបន្លែ នៅខាងក្រោយផ្ទះ ក្រោយមកស្រាប់តែមានភ្លើងឆាបឆេះផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយកូនស្រីគាត់រត់ឡើងទៅយករបស់របរ នៅលើផ្ទះ ទើបត្រូវភ្លើងឆេះរលាកបណ្ដាលឲ្យរងរបួស។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ពេលនោះអ្នកភូមិបាននាំគ្នា ជួយពន្លត់តែពុំឈ្នះឡើយ បន្ទាប់មករថយន្តដឹកទឹកលក់ នៅក្នុងភូមិច្រើនគ្រឿង បានទៅជួយបាញ់ពន្លត់ ប៉ុន្តែអត់រលត់សោះ ទើបក្រោយមកទៀតអាជ្ញាធរខណ្ឌកំបូល បានហៅរថយន្តពន្លត់អគ្គិភ័យបុរីសង្ឃឹមថ្មី២គ្រឿង
ទៅជួយទើបរលត់ទាំងស្រុង៕ រក្សាសិទ្ធិដោយ៖សួង សាម









