ភ្នំពេញ ៖ អ្នកដឹកឥវ៉ាន់តាមអនឡាញម្នាក់ បើកម៉ូតូលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកកង់បីឥណ្ឌា ប្រកែចគ្នាបែកផ្សែង នៅរង្វង់មូលគួចកាណុង រងការខូចខាតបន្តិចបន្ទួច ដោះស្រាយគ្នាមិនត្រូវ ដំឡើងសំឡេងដាក់គ្នាខ្លាំងៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើល។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៨ខែមីនាឆ្នាំ២០២១ ត្រង់ចំណុចរង្វងមូលគួចការណុង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភព នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញកង់បីឥណ្ឌាពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1IE-7151 បើកបរដោយបុរសម្នាក់ទិសដៅចេញពីផ្លូវ៩៣ ចូលរង្វង់មូលគួចកាណុង ពីជើងទៅត្បូង ខណៈកំពុងបើកសុខៗក៏មានម៉ូតូដឹកឥវ៉ាន់អនឡាញក្រុមហ៊ុន (ឃ្លិក ដឹកជញ្ជូន) ពណ៌ខ្មៅពាក់ផ្លាកលេខកណ្ដាល1AL-3238 បើកបរដោយយុវជនម្នាក់ ទិដៅចុះពីស្ពានជ្រោយចង្វារ ទៅលិចក្នុងល្បឿនលឿន ខ្វះកាប្រុងប្រយ័ត្នបានជ្រុលបុកចំ ចំហៀងស្តុបក្រោយខាងស្ដាំបែកស្តុប និងកំពិតជញ្ជាំងតួចំហៀងខូចខាតបន្តិចបន្ទួច តែដោះស្រាយគ្នាមិនត្រូវ ប្រកែចគ្នាបែកផ្សែង ដោយប្រកាន់យកត្រូវរៀងៗខ្លួន។
ក្រោយពេលកើតហេតុ ភាគីទាំងពីរ អង្គុយរង់ចាំសមត្ថកិច្ចជំនាញ មកធ្វើការវាស់វែងយកម៉ូតូនិងកង់បីឥណ្ឌា ទៅរក្សាទុករង់ចាំការដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖ សារឿន




