ភ្នំពេញ÷បុរសម្នាក់ស្រវឹងធ្លាក់ភ្នែកបានបើករថយន្តហាយឡែនឌ័រមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុករះម៉ូតូ២គ្រឿងអូសទៅមុខជាច្រើនម៉ែត្របណ្តាលឲ្យបុរស២នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ ចំណែកឯម្ចាស់រថយន្តបង្កត្រូវសមត្ថ កិច្ចឃាត់បាន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរកើតឡើងនៅវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃអាទិត្យទី២៨ ខែមិនាឆ្នាំ២០២១ ចំណុចជាប់នឹងការ៉ាស់សាំងតេលា ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។
សពជនរងគ្រោះទី១ មានឈ្មោះ សុីម វ៉ុល ភេទប្រុស អាយុ ៣១ឆ្នាំមុខរបរកម្មករសំណង់មានស្រុកកំណើតនៅភូមិ តាមុំ ឃុំដូង ស្រុក ប្រាសាទបល្ល័ង្គខេត្តកំពង់ធំ (ស្លាប់ )។
សពជនរងគ្រោះទី២ មានឈ្មោះ យ៉ន ខី ភេទប្រុសអាយុ២០ ឆ្នាំជាងមុខរបរធ្វើសំណង់ រស់នៅភូមិឃុំដូចគ្នា(ស្លាប់ បញ្ជាក់ជនរងគ្រោះស្លាប់២នាក់ជិះម៉ូតូម៉ាក AIR BLADE ឌុបគ្នា)។
ចំណែកបុរសទី៣ ជិះម៉ូតូម៉ាកទ្រីមសង់ ជាអ្នករងរបួសធ្ងន់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ(នៅរស់)។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូ២គ្រឿង ១ ម៉ាកAIR BLADEពណ៌ខ្មៅលាយក្រហមមិនមានផ្លាកលេខ ជិះដោយបុរស២នាក់់ និងមួយគ្រឿងទៀតម៉ាកហុងដាទ្រីមសង់សេ១២៥ ស៊េរី០១៧ ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ធំ1-J 6737 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើផ្លូវបំបែកជា៤ ចំណុចការ៉ាស់សាំងតេលា ស្រាប់តែគេឃើញមានរថយន្តហាយឡែនឌ័រមួយគ្រឿងទៀតពណ៌ទឹកប៊ិចពាក់ផ្លាក ភ្នំពេញ 2-AS 1871 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីក្រោយស្របគ្នាក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនទៅបុកពីក្រោយម៉ូតូទាំង២គ្រឿងអូសទៅមុខជាច្រើនម៉ែត្របណ្តាលឲ្យបុរស២នាក់បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យនិងម្នាក់ទៀតរងរបួសធ្ងន់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌដង្កោរចុះមកដល់រួចទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុងឱ្យចុះមកវាស់វែងយកម៉ូតូ២គ្រឿងនិងរថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕
រក្សាសិទ្ធិដោយ៖ សា មេត