Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងអប់រំ ហាមឃាត់កិច្ចសហការ និងសហប្រតិបត្តិការ រវាងឧស្សាហករថ្នាំជក់ជាមួយនឹងអង្គភាពចំណុះក្រសួង

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ហាមឃាត់កិច្ចសហការ និងសហប្រតិបត្តិការ រវាងឧស្សាហករថ្នាំជក់ជាមួយនឹងអង្គភាពចំណុះក្រសួង មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សាគ្រប់កម្រិតទាំង សាធារណៈនិងឯកជន។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គការចលនាដើម្បីសុខភាពកម្ពុជា(CMH) ដែលបានចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ខ្លឹមសារគោលនៃសេចក្តីណែនាំនេះ គឺហាមមិនឲ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចាប់ដៃគូសហការជាមួយ ឬទទួលការឧបត្ថម្ភពីឧស្សាហករថ្នាំជក់ ទោះក្នុងគោលបំណងណាមួយជាអាទិ៍ សកម្មភាពសប្បុរ សធម៌ ទស្សនកិច្ចសិក្សា ហាត់ការងារ ផ្លាស់ប្តូរបទពិសោធន៍ ឬ សិក្សាស្រាវជ្រាវ។ ការផ្តល់ទីកន្លែង ឬទីធ្លាគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន សម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយ ឬពិពណ៌ដែលជាកម្មវិធីរបស់ឧស្សហករណ៍ថ្នាំជក់ ក៏ត្រូវបានហាមឃាត់។

សេចក្តីណែនាំនេះគឺជាផ្នែកមួយនៃការចូលរួមអនុវត្តអនុសញ្ញាស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ផងដែរ។ មាត្រា៥.៣ នៃអនុសញ្ញាបានចែងថា សុខភាពសាធារណៈ និង ឧស្សាហកម្មថ្នាំជក់មានទំនាស់ផលប្រយោជន៍នឹងគ្នាមិនអាចផ្សះផ្សារបាន ដោយសារក្រុមហ៊ុនថ្នាំជក់ផលិត និងផ្សព្វផ្សាយលក់ផលិតផលថ្នាំជក់ដែលតាមរយៈលក្ខណៈវិទ្យាសាស្រ្តបានរកឃើញថា បង្កអោយញៀន ឈឺ ពិការស្លាប់ និងបញ្ហាសង្គមផ្សេងៗរួមទាំងភាពក្រីក្រ។

ក្រសួងដាក់ចេញសេចក្តីណែនាំនេះ ដោយសង្កេតឃើញថា គ្រឹះស្ថានសិក្សាមួយចំនួនតូច មានការភ្លាំងភ្លាត់ឬយល់ច្រឡំ ក្នុងការកៀរគរការគាំទ្រពីឧស្សាហករថ្នាំជក់ ដែលបណ្តាលឱ្យមានការប្រើប្រាស់ស្លាកសញ្ញាពាណិជ្ជកម្ម តាំងនៅក្នុងកម្មវិធីនានា របស់គ្រឹះស្ថានសិក្សាខ្លួន។

កម្មវិធីទំនួលខុសត្រូវសង្គម (CSR)របស់ឧស្សាហករថ្នាំជក់ ត្រូវបានផ្ដួចផ្ដើមឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយផលិតផលថ្នាំជក់របស់ខ្លួន និងជាទម្រង់មួយនៃការស្វែងរកទីផ្សារ ។ សេចក្តីណែនាំនេះ គឺជាការចូលរួមរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តវិធានការហាមឃាត់ការផ្សព្វផ្សាយលក់ ការស្វែងរកទីផ្សារលក់ផលិតផលថ្នាំជក់ ដែលត្រូវបានហាមឃាត់ទាំងស្រុង ដោយច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។

បន្ថែមលើនេះទៀត តាមរយៈការសិក្សាពីឯកសារផ្ទៃក្នុង របស់ក្រុមហ៊ុនថ្នាំជក់អន្តរជាតិ ឧស្សាហកម្មថ្នាំជក់ប្រើប្រាស់យុទ្ធសាស្រ្ត ទំនួលខុសត្រូវសង្គមដើម្បី៖ បង្កើតទំនាក់ទំនងជាមួយបុគ្គលដែលមានសិទ្ធិសម្រេច បង្កើតឥទ្ធិពលក្នុងការរៀបចំគោលនយោបាយ និងសាងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។
ក្រុមហ៊ុនថ្នាំជក់ ក៏បានប្រើប្រាស់កម្មវិធីជួយសង្គម ដើម្បីបង្កើនទំនុកចិត្ត បង្កើនប្រាក់ចំណេញ និង រារាំងការអនុវត្តគោលនយោបាយ ការពារសុខភាពប្រកបដោយប្រសិទ្ធភាព។

ក្រុមមេធាវី អេស ខេ & ភីកម្ពុជា (SK&P Cambodia Law Group) បានឱ្យតម្លៃខ្ពស់ទៅលើការខិតខំប្រឹងប្រែងខាងលើ របស់ក្រសួងថា “សេចក្តីណែនាំនេះ មានសារៈសំខាន់ណាស់ សម្រាប់កម្ពុជាដែលជារដ្ឋភាគី នៃអនុសញ្ញា ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីបង្ការកុំឲ្យមានការជ្រៀតជ្រែករបស់ឧស្សាហកម្មថ្នាំជក់ ទៅក្នុងកិច្ចខិតខំប្រឹងប្រែង លើកកម្ពស់សុខភាពប្រជាពលរដ្ឋកម្ពុជា”។

គួរបញ្ជាក់ផងដែរថា ការប្រើប្រាស់ថ្នាំជក់ជាកត្តាចំបងមួយ នៃការស្លាប់របស់ប្រជាពលរដ្ឋខ្មែរ ប្រមាណ ១៥០០០នាក់ ក្នុងមួយឆ្នាំៗ ហើយថវិកាប្រមាណ៦៤៩លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានខាតបង់ នេះបើយោងតាមការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×