ភ្នំពេញ ៖ លោកស្រីឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុន ផាន អ៉ីម៉ិច បានទទួលមរណភាព នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ ៦២ឆ្នាំ។
សពរបស់លោកស្រីឧកញ៉ា កំពុងតម្កល់ធ្វើបុណ្យទៅគេហដ្ឋាននៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមផេកហ្វេសប៊ុកផ្លូវការ លោកស្រី ហ៊ុន ស៊ីណាត បានសរសេរដូច្នេះថា «ខ្ញុំនិងស្វាមី សូមចូលរួមសម្ដែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយជាទីបំផុតជាមួយនឹងក្រុមគ្រួសារនៃសព ដែលបានបាត់បង់មនុស្សជាទីគោរពស្រឡាញ់របស់ខ្លួន។ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដោយក្ដីអាឡោះអាល័យបំផុត និងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធ លោកជំទាវឧកញ៉បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
ទាក់ទងនឹងមរណភាពនេះ សន្តិសុខយាមផ្ទះឧកញ៉ា ស៊ុយ សុផាន នៅម្ដុំទឹកល្អក់៣ ខណ្ឌទួលគោក បានប្រាប់អ្នកសារព័ត៌មានថា លោកស្រី ស៊ុយ សុផាន បានស្លាប់ កាលពីយប់ថ្ងៃទី២៨ មីនា ដោយជំងឺប្រចាំកាយ។ បើតាមសន្តិសុខដដែល សពលោកស្រី សុផាន ត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់កូនចៅ នៅម្ដុំវាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕ រក្សាសិទ្ធិ : ពិសិដ្ឋ CEN


