ភ្នំពេញ ៖ លោក ណុប បាយ៉ារិទ្ធ ដែលជាតារាចម្រៀងកើតជំងឺកូវីដ១៩ មុនគេបង្អស់ បន្ទាប់ពីពិធីការិនី ចាន់ កែវនិមល នៅមិនទាន់ជាសះស្បើយនៅឡើយទេ ខណៈអ្នកនាង និមល បានជាសះ និងវិលត្រឡប់មកផ្ទះរួចហើយកាលពីពេលថ្មីៗនេះ។
ដោយសារតែមានក្តីនឹករលឹកយ៉ាងខ្លាំង ខណៈកូនប្រុសនៅតែមិនទាន់ជាសះស្បើយ ម្តាយរបស់លោក ណុប បាយ៉ារិទ្ធិ បានទៅបន់ស្រន់ព្រះ បួងសួងដល់បារមីនៃវត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយតាមថែរក្សាកូនប្រុសឲ្យឆាប់ជាពីជំងឺដ៏កាចសាហាវនេះ។
ម្តាយលោក ណុប បាយ៉ារិទ្ធិ អ្នកស្រី សំកុល សុភាវី បានបង្ហោះសារបួងសួងថា៖ «ថ្ងៃនេះថ្ងៃសីល ខ្ញុំបានសូត្រធម៍ ថ្វាយបង្គំព្រះ សូមអោយកូនប្រុសជាទីស្រឡាញ់ ដែលកំពុងមានជម្ងឺសំរាកព្យាបាលនៅ អុិនធើខន សូមបារមីនៃវត្ថុសាកសិទ្ធក្នុងលោកតាមរក្សារ ឃុំគ្រងកូនសម្លាញ់ និងក្រុមគ្រួសារខ្ញុំគ្រប់ៗគ្នា ពិសេសប្រជាជនកម្ពុជាទាំងអស់ និងមនុស្សជាតិទូរទាំងពិភពលោក សូមអោយចៀសផុតពីជម្ងឺដ៎កាចសាហាវមួយនេះផង»។
ក្នុងនោះផងដែរ អ្នកស្រី សុភាវី ក៏បានបញ្ជាក់ទៅកាន់ក្រុមបំពុលសង្គម ឲ្យបានដឹងច្បាស់ថា៖ «ចង់ជម្រាបថា កូនខ្ញុំ ព្រមទាំងតារាដែលមានជម្ងឺនេះ កំពុងតែសំរាកព្យាបាលរោគកូវីតនេះយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ មិនមែនទៅដេកសំរាកកាយនៅសណ្ឋាគារលំដាប់ផ្កាយ៥ មានម៉ាសុីនត្រជាក់ដេកស្រួល មានម៉ាសុីនទឹកក្តៅងូត មានម្ហូបហូបឆ្ងាញ់ៗ ដូចជនបំពុលសង្គមបានគិតដោយវាចារនិងគំនិតអគតិមកលើតារាៗដែលវិជ្ជមានវីរុសកូវីតនេះថា គេជួលក្បាលអោយធ្វើជាកើតឡើយ សួរថាអ្នកប្រហែលជាគេធ្លាប់ជួលក្បាលអ្នកអោយធ្វើជាកើត ទើបនឹកឃើញនិយាយចេញបាន គេខ្លាចណាស់អោយតែឮថានរណាមានផ្ទុកជំងឺនេះ ព្រោះតែ គិតដល់សុវត្ថិភាពប្រជាជនខ្លួន និងសង្គមជាតិ ទើបកូនខ្ញុំចេញមុខប្រកាសជាបន្ទាន់ គ្រាន់តែបានដំណឹងពីក្រសួងសុខាភិបាល អោយអ្នកដែលប៉ះពាល់ជិតស្និទ្ធ ឬប្រយោលនិងគាត់ ឆាប់ទៅធ្វើតេស្តជាបន្ទាន់ ខ្ញុំសុំមិននិយាយអ្វីច្រើនទេ ព្រោះពេលនេះអ្វីដែលសំខាន់គឺខំបន់ស្រន់អោយកូនខ្ញុំ និងប្រជាជនខ្មែរ បានសុខជៀសផុតពីជម្ងឺដ៏អាក្រក់នេះគ្រប់គ្នា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













