ភ្នំពេញ ៖ រថយន្តកុងតឺន័រ បុកអូសម៉ូតូមួយគ្រឿងប្រហែល ២០ ម៉ែត្រ ខណៈពេលម៉ូតូកាច់ចង្កូតគេចពីម៉ូតូកង់បីឥណ្ឌា ដែលកំពុងឆ្លងផ្លូវ មកដួលនៅខាងមុខរថយន្ត បណ្តាលឪ្យម្ចាស់ម៉ូតូរងរបួសស្រាល។
ហេតុការណ៍នេះបង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង ១០ នាទីព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចមុខសាលាសង្កាត់ស្វាយប៉ាក់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ម្ចាស់ម៉ូតូឈ្មោះ សុខ គា អាយុ២៨ឆ្នាំ មុខរបរជាអ្នកដាក់ត្រី រស់នៅ ម្តុំកប់ស្រូវ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកតៃកុង រថយន្តកុងតឺន័រ មិនស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿង ម៉ាក Honda wave ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1F-1606 បើកដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពី ជើងទៅត្បូង ស្របទិសគ្នាជាមួយរថយន្តកុងតឺន័រមួយគ្រឿងទៀត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-9950បើកដោយបុរសម្នាក់ ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូបើកកាច់ចង្កូត គេចចេញពីម៉ូតូកង់បីឥណ្ឌា មិនចាំផ្លាកលេខ ដែលកំពុងឆ្លងផ្លូវនៅខាងមុខ បណ្តាលឲ្យម៉ូតូដួលនៅខាងមុខរថយន្តកុងតឺន័រ ដោយរថយន្តចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលល្បឿនបុកអូសម៉ូតូប្រហែល២០ម៉ែត្រទើបអស់ល្បឿន បណ្តាលឪ្យម្ចាស់ម៉ូតូរងរបួសស្រាល ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខអស់ជាច្រើន រីឯតៃកុងរថយន្តកុងតឺន័រ ស្មានតែម្ចាស់ម៉ូតូរងរបួសធ្ងន់ បានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុកម្លាំង សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ រួមទាំងតំណាងរបស់តៃកុងរថយន្តកុងតឺន័រ មកធ្វើការដោះស្រាយ ដោយសងសំណងទឹកប្រាក់ចំនួន100$ ទៅម្ចាស់ម៉ូតូដើម្បីបញ្ចប់រឿងនៅកន្លែងតែម្តង៕ រក្សាសិទ្ធិដោយ៖សារឿន

