ភ្នំពេញ ៖ កាលពីថ្ងៃសុក្រ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងគណៈប្រតិភូ បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលរងធនាគារកណ្តាលអាស៊ាន (AFCDM) និងកិច្ចប្រជុំពាក់ព័ន្ធ តាមរយៈប្រព័ន្ធអនឡាញ។
កិច្ចប្រជុំនេះត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ដោយនៅឆ្នាំ២០២១នេះ ប្រទេសព្រុយណេដែលជាប្រធានអាស៊ាន បានដឹកនាំកិច្ចប្រជុំនេះដើម្បីពិភាក្សាអំពី i/- ការងារអាទិភាពដែលសម្រេចបានក្នុងឆ្នាំ២០២០ ii/- វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុនិងរូបិយវត្ថុអាស៊ាន និង iii/-ការផ្លាស់ប្តូរមតិនិងចែករំលែកបទពិសោធន៍របស់ប្រទេសជាសមាជិកពាក់ព័ន្ធនឹង គោលនយោបាយការឆ្លើយតបក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩។
យោងតាមការរាយការណ៍របស់លេខាធិការដ្ឋានអាស៊ាន ស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់អាស៊ាននាឆ្នាំ២០២១នេះ អាចមានភាពប្រសើរឡើងវិញ ប៉ុន្តែនៅមានភាពផុយស្រួយនៅឡើយ។ ការងើបឡើងវិញនៃសេដ្ឋកិច្ចតំបន់ពឹងផ្អែកលើលទ្ធភាពទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់ប្រទេសសមាជិកអាស៊ាន ក៏ដូចជាការចែកចាយវ៉ាក់សាំងកូវីដ-១៩ ផងដែរ។
ទោះបីជាហានិភ័យដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅមានលក្ខណៈមិនប្រកដប្រជាក៏ដោយ បណ្តាប្រទេសសមាជិកអាស៊ានបានប្តេជ្ញាជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងបានកំណត់ការងារអាទិភាពដោយផ្តោតលើការស្តារសេដ្ឋកិច្ចឡើងវិញ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព។
លើសពីនេះ អាស៊ាននឹងបន្តពង្រឹងសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន ក្របខ័ណ្ឌទូទាត់ជារូបិយវត្ថុក្នុងតំបន់អាស៊ាន និងគោលការណ៍អនុវត្តការណែនាំក្របខ័ណ្ឌគោលនយោបាយទូទាត់អាស៊ាន ព្រមទាំងខិតខំប្រឹងប្រែងសម្រេចបាននូវក្របខ័ណ្ឌចីរភាពហិរញ្ញវត្ថុក្នុងតំបន់។ ទន្ទឹមនេះ អាស៊ានក៏បានបង្កើតគំនិតផ្តួចផ្តើមពាក់ព័ន្ធនឹងការការពារហានិភ័យនានាដែលអាចកើតមានឡើងដោយសារការប្រែប្រួលអាកាសធាតុនិងបរិស្ថាន។
ស្របពេលជាមួយគ្នានេះ កិច្ចប្រជុំរវាងប្រទេសសមាជិកអាស៊ាន និងរតនាគារសហរដ្ឋអាមេរិក ស្នើឡើងនូវគំនិតផ្តួចផ្តើមក្របខ័ណ្ឌស្តារសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (ASEAN Comprehensive Recovery Framework) ក្នុងគោលបំណងឆ្លើយតបនឹងការស្តារសេដ្ឋកិច្ចក្នុងដំណាក់កាលផ្សេងៗ និងផ្តោតលើវិស័យអាទិភាព និងប្រជាជនដែលរងផលប៉ះពាល់ខ្លាំងពីជំងឺកូវីដ-១៩។
ក្របខ័ណ្ឌស្តារសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ានមានយុទ្ធសាស្រ្តចម្បងៗទាក់ទងនឹង៖ i/-ការលើកកម្ពស់ប្រព័ន្ធសុខភាព ii/-ការពង្រឹងសុវត្ថិភាពរបស់មនុស្ស iii/-ការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចព្រំដែននិងទីផ្សារអាស៊ានឱ្យបានជាអតិបរមា iv/-ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដោយរួមបញ្ចូលការផ្តល់សេវាហិរញ្ញវត្ថុជីឌីថល និងការតភ្ជាប់ប្រព័ន្ធទូទាត់ក្នុងតំបន់ និង v/-ការជំរុញហិរញ្ញប្បទានបៃតង។ រតនាគារសហរដ្ឋអាមេរិក បានគាំទ្រប្រទេសសមាជិកអាស៊ាន ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩ សំដៅធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់៕រក្សាសិទ្ធិដោយ៖CEN