Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំជួលចិត្តណាស់ ! Miss Grand មីយ៉ាន់ម៉ា ឡើងឆាកទាំងស្រក់ទឹកភ្នែក ខណៈប្រជាជនខ្លួនស្លាប់រដូករណែល និងអំពាវនាវអន្តរជាតិមកជួយមីយ៉ាន់ម៉ាផង (វីដេអូ)

បេក្ខនារីបវរកញ្ញាមកពីប្រទេសមីយ៉ាន់ម៉ា បានប្រើប្រាស់ពេលវេលារបស់នាង នៅក្នុងការយកចិត្តទុកដាក់ ដើម្បីអំពាវនាវអង្វរឲ្យអន្តរជាតិអន្តរាគមន៍ដល់ប្រទេសរបស់នាងជាបន្ទាន់ផង ខណៈដែលពេលនេះ កម្លាំងសន្តិសុខបង្ក្រាបការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារកាលពីខែមុន បានសម្លាប់មនុស្សជាង ១០០ នាក់ ហើយ។

និស្សិតសកលវិទ្យាល័យ Yangon កញ្ញា Han Lay បានធ្វើការអត្ថាធិប្បាយកាលពីយប់ថ្ងៃសៅរ៍ នៅឯកម្មវិធីប្រកួត Miss Grand International ដែលប្រារព្ធធ្វើនៅរដ្ឋធានីថៃបាងកក។ នាងបាននិយាយថា មានមនុស្សយ៉ាងតិចចំនួន ១១៤ នាក់ ត្រូវបានសម្លាប់នៅក្នុងថ្ងៃបង្ហូរឈាមបំផុត ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ មក។

កញ្ញា Han Lay បាននិយាយយ៉ាងចំហរឥតលាក់បាំងនេះ មិនថានៅក្នុងបទសម្ភាសន៍វីដេអូ ជាសាធារណៈកាលពីពីរសប្តាហ៍មុន និងសូម្បីនៅលើទំព័រ Instagram របស់នាងផងដែរ ដែលបង្ហាញពីអនុស្សាវរីយ៍និងរូបថតពីចលនាតវ៉ានៅក្នុងប្រទេសកំណើតរបស់នាង។ ប៉ុន្តែវានៅតែជារឿងគួរឱ្យភ្ញាក់ផ្អើលដែលឃើញបេក្ខនារីម្នាក់នៅឯកម្មវិធីប្រកួតអន្តរជាតិ ហ៊ានប្រើព្រឹត្តិការណ៍នេះ ជាផ្នែករិះគន់មេដឹកនាំប្រទេសរបស់ខ្លួន។

ក្នុងនោះ នាងបាននិយាយថា “ខ្ញុំមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ចំពោះប្រជាជនដែលបានបាត់បង់ជីវិតនៅតាមដងផ្លូវ។ ពលរដ្ឋគ្រប់រូបនៅលើពិភពលោក ពួកគេចង់បានភាពរីកចំរើននៃប្រទេសរបស់ពួកគេ និងបរិយាកាសសន្តិភាព។ ធ្វើដូច្នេះ មេដឹកនាំដែលពាក់ព័ន្ធមិនគួរប្រើអំណាច និងភាពអាត្មានិយមដើម្បីអនុវត្តឡើយ”។ នាងបន្តថា៖

“ថ្ងៃនេះនៅក្នុងប្រទេសរបស់ខ្ញុំ មីយ៉ាន់ម៉ា ខណៈពេលដែលខ្ញុំកំពុងឡើងលើឆាកនេះ គឺមានមនុស្សជាច្រើនបានស្លាប់ ហើយមនុស្សជាង ១០០ នាក់បានស្លាប់នៅថ្ងៃនេះ។ ខ្ញុំសោកស្តាយយ៉ាងខ្លាំង ចំពោះមនុស្សទាំងអស់ដែលបានបាត់បង់ជីវិត”។

នាងបាននិយាយទាំងទឹកភ្នែកថា៖ “ខ្ញុំចង់និយាយនៅត្រង់ៗថា សូមជួយមីយ៉ាន់ម៉ាផង។ យើងត្រូវការជំនួយអន្តរជាតិបន្ទាន់ឥឡូវនេះ”។

យ៉ាងណាមិញ ដោយបានមើលឃើញពីស្ថានភាពដ៏អាក្រក់នេះ ខាងថៃបានសម្រេចឲ្យ Miss Grand មីយ៉ាន់ម៉ា បន្តស្នាក់នៅក្នុងប្រទេសខ្លួនមួយរយៈសិន។ លើសពីនេះ ខាងក្រុមហ៊ុន Miss Grand International ក៏បានសម្រេចចិត្តឲ្យ កញ្ញា Han Lay បន្តស្នាក់នៅបណ្តោះអាសន្នមួយរយៈសិន ដើម្បីការពារសុវត្ថិភាពរបស់នាង។

កញ្ញា Han Lay បាននិយាយថា នាងមិនអាចវិលត្រឡប់ទៅ មីយ៉ាន់ម៉ា វិញបានទេ ព្រោះព្រលានយន្តហោះត្រូវបានបិទ និងក៏សូមអរគុណ សម្រាប់ប្រទេសថៃផងដែរ ដែលបានយកចិត្តទុកដាក់ និងឲ្យរូបនាងស្នាក់នៅមួយរយៈ។ នាងក៏បានប្រាប់ទៅកាន់អ្នកសារព័ត៌មានទាំងរំជួលចិត្តថា៖ «ពេលនេះ ខ្ញុំមិនអាចទាក់ទងទៅកាន់គ្រួសារខ្ញុំបានទេ ព្រោះតែពួកគេមិនអាចប្រើអ៊ីនធើរណែត Wifi បាន»។ នាងថែមទាំងនៅបាននិយាយបែបនេះថា៖ «ខ្ញុំមិនខ្វល់ពីការឈ្នះ ឬចាញ់នោះទេ ខ្ញុំមិនខ្វល់ពីសន្តិសុខរបស់ខ្ញុំទេ ខ្ញុំតែងតែគិតអំពីប្រទេសរបស់ខ្ញុំ និងជីវិតរបស់ប្រជាជនមីយ៉ាន់ម៉ា»។

គួរបញ្ជាក់ថា ការបង្ហូរឈាមកាលពីថ្ងៃសៅរ៍ ក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្វើឱ្យមានការថ្កោលទោសពីអន្តរជាតិយ៉ាងខ្លាំង ក្នុងនោះទាំងពីបេសកកម្មការទូតនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងពីបរទេស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×