Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នឹងប្រើប្រាស់អំណោយថ្នាំពេទ្យ ចំនួន ៦០០ឃីត ជាជំនួយមន្ទីរពេទ្យសូរិយា ទៅដល់ដៃប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង នឹងប្រើប្រាស់អំណោយថ្នាំពេទ្យ ចំនួន ៦០០ឃីត ពីលោកជំទាវវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ហ៊ី សូរ្យាភា ប្រធានមន្ទីរពេទ្យសូរិយា ដើម្បីចូលរូមផ្ដល់សុខុមាលភាពដល់ប្រជាពលរដ្ឋ ក្រីក្រ ខ្វះខាត នៅតាមមូលដ្ឋាន។

ការលើកឡើងបែបនេះ ក្នុងពេលដែលលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាល ទទួលអំណោយជា ថ្នាំពេទ្យ ចំនួន ៦០០ឃីត ពីលោកជំទាវវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ហ៊ី សូរ្យាភា ប្រធានមន្ទីរពេទ្យសូរិយា នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរចំពោះវឌ្ឍនភាពរបស់ មន្ទីរពេទ្យសូរិយា ក្រោមការដឹកនាំរបស់ លោកជំទាវវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ហ៊ី សូរ្យាភា ដែលបានបំពេញតួនាទីភារកិច្ចដោយទទួលបាននូវជោគជ័យ គួរជាទីមោទនៈ ហើយតែងតែបានធ្វើសកម្មភាពមនុស្សធម៌ ជួយដល់សង្គមជាតិ និងប្រជាជន ដើម្បីរួមចំណែកការពារសុខុមាលភាពប្រជាពលរដ្ឋក្នុងរដូវកាលរីករាលដាលជម្ងឺកូវីដ-១៩ នេះ បានទៅដល់រាប់ពាន់គ្រួសាររួចទៅហើយ។

លោកជំទាវក៏បានថ្លែងអំណរគុណដល់ លោកជំទាវវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ហ៊ី សូរ្យាភា ប្រធានមន្ទីរពេទ្យសូរិយា លោកជំទាវ គ្រួច សំអាន អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងលោក ហោ សេរីវឌ្ឍន៍ ប្រធានយុវជនក្រៅប្រព័ន្ធ ដែលបានបរិច្ចាគនូវសម្ភារៈទាំងអស់នេះ ដើម្បីចូលរួមចំណែកក្នុងការងារមនុស្សធម៌ ហើយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នឹងប្រើប្រាស់ជំនួយទាំងនេះទៅដល់ដៃប្រជាពលរដ្ឋ ក្រីក្រខ្វះខាត ឲ្យមានប្រសិទ្ធភាព។

អំណោយទាំងនេះរួមមាន ថ្នាំពេទ្យ សរុបមាន ៦០០ឃីត ក្នុង ១ឃីត មាន ៖ ថ្នាំឈឺចុកពោះ រាគ បង្កើនជាតិទឹកនិងកម្លាំង ក្តៅខ្លួន អាលែហ្ស៊ីនិងផ្តាសាយ ព្រមទាំង ម៉ាស មួយចំនួនធំ។ ថ្នាំពេទ្យទាំងអស់នេះសុទ្ធតែបានសរសេរប្រាប់ពីរបៀបប្រើប្រាស់ និងពេលវេលាកំណត់យ៉ាងច្បាស់លាស់ ដើម្បីចែករំលែកទៅដល់ប្រជាពលរដ្ឋ ងាយស្រួលក្នុងការប្រើ៕ រក្សាសិទ្ធិ :ពិសិដ្ឋ CEN

×