Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CDC អនុម័តគម្រោងរោងចក្រអគ្គិសនី ដើរដោយធ្យូងថ្ម អនុភាព ៧០០មេហ្កាវ៉ាត់ នៅខេត្ត ព្រះសីហនុហើយ

ភ្នំពេញ ៖ គម្រោងរោងចក្រផលិតថាមពលអគ្គិសនីប្រើដោយធ្យូងថ្ម ដែលមានអានុភាព ៧០០មេហ្កាវ៉ាត់ របស់ក្រុមហ៊ុន «Huadian Sihanoukville Power Generation Co., Ltd» នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទី១ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC សម្រេចអនុម័តហើយ ដោយគម្រោងនេះ មានទុនវិនិយោគប្រមាណជាង ១ ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២០កន្លែង។

ការផ្គត់ផ្គង់ថាមពលអគ្គិសនី ដែលបានមកពីប្រភពផ្សេងៗសរុប កើនដល់ប្រមាណ ៣.៩៨៦មេហ្គាវ៉ាត់ ក្នុងឆ្នាំ ២០២០ មានកំណើន ១៥ភាគរយ បើធៀបនឹងឆ្នាំ ២០១៩។ ការផលិតថាមពលអគ្គិសនីក្នុងស្រុកបាន មកពីប្រភពថាមពលធំៗ ដែលកំពុងដំណើរការ សរុបមានប្រមាណ ២.៩៦៥មេហ្គាវ៉ាត់ ក្នុងនោះ មកពីវារីអគ្គិសនីចំនួន ០៧ អានុភាពសរុប ១.៣២៩មេហ្គាវ៉ាត់ និងស្ថានីយអគ្គិសនីដុតធ្យូងថ្មចំនួន ០៣ ដែលមានអានុភាពសរុប ៦៧៥មេហ្គាវ៉ាត់។

ដោយឡែក ថាមពល ដែលបានមកពីរោងចក្រដុតប្រេងខ្មៅ និងម៉ាស៊ូត មានអានុភាព ៦២៧ មេហ្គាវ៉ាត់ ខណៈថាមពលកកើតឡើងវិញ រួមមានថាមពលសូឡា(ថាមពលពន្លឺព្រះអាទិត្យមានចំនួន ៣៣៣មេហ្គាវ៉ាត់ និងថាមពលនាំចូលពីប្រទេសជិតខាង ដូចជាប្រទេសថៃ វៀតណាម និងឡាវ សរុបចំនួន ១.០២១មេហ្គាវ៉ាត់។
សូមជម្រាបថា ជាមួយនិងគម្រោងវិនិយោគលើវិស័យថាមពលអគ្គិសនីប្រើដោយធ្យូងថ្ម ដែលមានអានុភាព ៧០០មេហ្កាវ៉ាត់ របស់ក្រុមហ៊ុនចិននៅខេត្តព្រះសីហនុ ដ៏ធំមួយនេះ នឹងឆ្លើយតបនឹងតម្រូវការអគ្គិសនី ដែលកំពុងមាននិន្នាការកើនឡើងជារៀងរាល់ឆ្នាំ ទៅតាមកំណើនឧស្សាហកម្ម និងសេដ្ឋកិច្ច ខណៈដែលខេត្តព្រះសីហនុ គឺជាប៉ូលសេដ្ឋកិច្ច ដ៏សំខាន់របស់ប្រទេសកម្ពុជា។

កន្លងទៅថ្មីៗនេះ ឯកឧត្តម ស៊ុយ សែម ដែលជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា បើទោះបីជារាជរដ្ឋាភិបាល បានខិតខំជំរុញឲ្យមានការវិនិយោគលើគម្រោងផលិតថាមពលអគ្គិសនីពីប្រភពផ្សេងៗ ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានកំណើនជាបន្តបន្ទាប់ច្រើនយ៉ាងណាក៏ដោយក្តី ក៏ប៉ុន្តែវានៅតែពុំទាន់អាចឆ្លើយតបនឹងសេចក្តីត្រូវការបានពេញលេញនៅឡើយ ដោយសារកំណើនប្រើប្រាស់ពីប្រជាពលរដ្ឋ និងការរីកធំធាត់យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់កម្ពុជា។

គួរបញ្ជាក់ថា បើតាមរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល នៅឆ្នាំ ២០៣០ ក្រសួង នឹងជំរុញការប្រើប្រាស់ថាមពលអគ្គិសនី ដែលមានគុណភាព ស្ថិរភាព និងតម្លៃសមរម្យ ឲ្យកើនដល់ ៩០ភាគរយនៃចំនួនខ្នងផ្ទះ នៅទូទាំងប្រទេស សម្រាប់ ដល់អ្នកប្រើទាំងអស់ ទាំងលក្ខណៈគ្រួសារ និងឧស្សាហកម្ម៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×