ភ្នំពេញ ៖ ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានបញ្ចេញនូវរូបភាពវីដេអូស្ដីពីសកម្មភាព របស់ក្រុមគ្រូពេទ្យក្នុងការព្យាបាលអ្នកជំងឺកូវី១៩ ដោយក្នុងនោះលោកសាស្ត្រាចារ្យក៏បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់ ក្រុមគ្រូពេទ្យដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការព្យាបាលជូនអ្នកជំងឺកូវីដ។
លោក សាស្ត្រាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានថ្លែងថា តាងនាមឲ្យថ្នាក់ដឹកនាំនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណយ៉ាងខ្លាំង និងជ្រាលជ្រៅ ដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ទាំងយប់ ទាំងថ្ងៃមើលថែទាំ ព្រមទាំងព្យាបាលជូនអ្នកជំងឺកូវីដ-១៩ ធ្ងន់ធ្ងរទាំងអស់ដែលកំពុងសម្រាកព្យាបាលនៅបន្ទប់សង្រ្គោះបន្ទាន់ជំងឺកូវីដ-១៩ ។
តាងនាមឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងបុគ្គលិកមន្ត្រីរាជការ សូមជូនពរដល់ក្រុមគ្រូពេទ្យទាំងអស់ សុខភាពល្អ សុខសុវត្ថិភាព ជៀសផុតពីជំងឺដ៏កាចសាហាវនេះ ។
យើងខ្ញុំក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅផ្ទះដើម្បីសុវត្ថិភាព ។
ពួកយើងទាំងអស់គ្នានៅពេទ្យដើម្បីបងប្អូន សូមបងប្អូនមេត្តានៅផ្ទះ ដើម្បីគ្រួសារ និងពួកយើងផង។
វេជ្ជ ឆន សុធារី/chhorn sotheary ឯកទេសជំងឺសួតនិងផ្លូវដង្ហើម បានសរសេរសារថា មិនឲ្យបងប្អូនមកកំដរអ្នកជំងឺមិនមែនចង់លាក់បាំងគ្រួសារអំពីអ្នកជំងឺ តែព្រោះចង់ការពារគ្រួសារអ្នកជំងឺមិនឲ្យឆ្លងជំងឺសារហាវនេះ។ គ្រូពេទ្យត្រូវដើរតួជាគ្រួសារ អ្នកថែទាំ និង ព្យាបាល។ មិនមែនផ្ដាច់ទំនាក់ទំនងគ្រួសារមិនឲ្យនិយាយជាមួយអ្នកជំងឺ ព្រោះអ្នកជំងឺស្ថិតក្រោមម៉ាសុីនជំនួយដង្ហើម មិនអាចនិយាយបាន។ មិនបានរើសអើងឫខ្លាចអ្នកជំងឺ នៅតែមើលថែអ្នកជំងឺដូចជាញាតិមិត្ត។ មិនមែនពួកខ្ញុំមិនមានគ្រួសារ ពួកខ្ញុំមិនខ្លាចតែជាតួនាទីរបស់ពួកខ្ញុំជាគ្រូពេទ្យ ពេទ្យត្រូវមើលថែនិងព្យាបាលអ្នកជំងឺ។ ពួកខ្ញុំលះបង់យកជីវិតទៅប្រថុយមិនរត់ចោលជួរដើម្បីអ្នកទាំងអស់គ្នា អ្នកអាចមិនដឹងទើបអ្នកសួរ អ្នកអាចមិនជឿទើបផ្ដែផ្ដាំ។ ពួកយើងប្រឹងប្រែងនិងលះបង់ដើម្បីអ្នកទាំងអស់គ្នា សូមអ្នកទាំងអស់គ្នាលះបង់ការសប្បាយជួបជុំ (អនុវត្ត៣កុំ) និងការពារ (៣ការពារ) ដើម្បីអ្នកនិងក្រុមគ្រួសារជាទីស្រឡាញ់របស់អ្នក។ អរគុណនៅភាពក្លាហាននិង ការលះបង់ ប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការព្យាបាលថែទាំជំងឺcovid19 របស់ក្រុមគ្រួពេទ្យជួរមុខយើង។ ពីក្រុមគ្រូពេទ្យជួរមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ




