ជប៉ុន ៖ ឯកឧត្ដម អ៊ឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន កាលពីថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ បានផ្តល់បទសម្ភាសន៍ ជូនសារព័ត៌មានអនឡាញ Japan Forward ដែលសហការជាមួយកាសែត SANKEI Shimbun ដោយផ្តោតលើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ជប៉ុន ប៉ុន្តែផ្សាភ្ជាប់ទៅនឹងបដិសណ្ឋារកិច្ចអន្តរជាតិបែបមុខម្ហូប។
ក្នុងន័យនេះ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា មានគោលបំណងបង្ហាញថា កម្ពុជាក៏មានមុខម្ហូបល្អៗ ឈ្ងុយឆ្ងាញ់ មានឱជារស និងសម្រាប់បង្ហាញពីអត្តសញ្ញាណកម្ពុជាផងដែរ ហើយការរៀបចំបដិសណ្ឋារកិច្ចដោយបង្ហាញម្ហូបអាហារខ្មែរបែបនេះ គឺចង់ធ្វើឲ្យកាន់តែជ្រួតជ្រាបទៅដល់សណ្ឋាគារ ភោជនីយដ្ឋាន លំដាប់អន្តរជាតិ ដែលប្រើប្រាស់ ម្ហូបខ្មែរ ឬអាហារខ្មែរ មានឱជារសគួរឲ្យចាប់អារម្មណ៍។
ការបង្ហាញម្ហូបអាហារខ្មែរនេះទៀតសោត គឺដើម្បីចូលរួមជំរុញវិស័យការទូត, បង្កើនអត្តសញ្ញាណផលិតផលខ្មែរនៅលើទីផ្សារអន្តរជាតិ និងជំរុញវិស័យសេដ្ឋកិច្ចសេដ្ឋកិច្ច។ មុខម្ហូបដែលត្រូវបង្ហាញ រួមមាន ការចម្អិន សម្លការី , អាម៉ុកត្រី , សង្ខ្យាល្ពៅ និងអន្សមចេក ឱ្យភ្ញៀវភ្លក្ស៕ រក្សាសិទ្ធិ : ពិសិដ្ឋ CEN

















