នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលជួបឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា ឯកឧត្តម Ueno Atsushi គឺជាមិត្តដ៏ល្អរបស់កម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឯកអគ្គរាជទូត ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា រហូតឈានដល់ការតម្លើងកម្រិតភាពជាដៃគូរវាងកម្ពុជា–ជប៉ុនទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានឈរជាមួយកម្ពុជា អស់រយៈពេលជាច្រើនទសវត្សរ៍ ចាប់ពីដំណាក់កាលនៃការកសាងសន្តិភាព, ការរក្សាសន្តិភាព, ការស្តារនីតិសម្បទាឡើងវិញ,និងឈានមកដល់ការការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូសរំលេចជាពិសេសនូវការគាំទ្រដ៏មានតម្លៃរបស់ជប៉ុនចំពោះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) និងកិច្ចសហប្រតិបត្តិការមួយចំនួនទៀតរវាងទីស្តីការគណៈរដ្ឋមន្រ្តី និងស្ថានទូតជប៉ុនភ្នំពេញ ព្រមទាំងការកែទម្រង់ច្បាប់ ដែលជាការដ្ឋានកែទម្រង់ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមឯកអគ្គរាជទូត ក្នុងការទាក់ទាញ និងការសម្របសម្រួលបង្កើតទំនាក់ទំនងជាមួយវិនិយោគិនជប៉ុនមកកាន់កម្ពុជាជាបន្តបន្ទាប់ ហើយជាពិសេសក្នុងខេត្តកំពង់ធំកាលពីពេលថ្មីៗនេះ ក៏ដូចជាការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ទៅកាន់ប្រទេសជប៉ុនកាលពីឆ្នាំ២០២៥ កន្លងទៅ។
ឯកឧត្តមឯកអគ្គរាជទូតជប៉ូន Ueno Atsushi បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក្នុងអំឡុងពេលបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានសម្តែងនូវកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក្នុងការពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុន និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដូចជា មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) ជាដើម។ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការគាំទ្រចំពោះកម្ពុជាក្នុងការប្រើប្រាស់យន្តការអន្តរជាតិ UNCLOS ហើយជប៉ុននឹងបន្តជួយកម្ពុជាលើការដោះស្រាយបញ្ហាព្រំដែន។ ទន្ទឹមនេះ ភាគីជប៉ុននឹងបន្តជំរុញវិនិយោគិនជប៉ុនឱ្យបន្តមកវិនិយោគនៅកម្ពុជា ទោះបីវិនិយោគិនខ្លះមានការលើកឡើងពីបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្តី។ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ថា ជប៉ុនរីករាយនឹងសហការជាមួយកម្ពុជាលើការប្រយុទ្ធប្រឆាំង Online Scams និងបានចាត់ទុកបញ្ហានេះជាបញ្ហារបស់ប្រទេសទាំងអស់ក្នុងតំបន់ មិនមែនជាបញ្ហារបស់កម្ពុជាតែឯងនោះទេ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា បញ្ហាព្រំដែនកម្ពុជា–ថៃ មានលក្ខណៈជារចនាសម្ព័ន្ធ ដែលទាមទារឱ្យមានការដោះស្រាយដោយអត់ធ្មត់និងក្នុងរយៈពេលវែង។ កម្ពុជានៅតែបន្តប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់។ ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា,ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាឧក្រិដ្ឋកម្មឆ្លងដែន ហើយកម្ពុជាគឺជាប្រទេសរងគ្រោះមួយ ក្នុងចំណោមប្រទេស ដែលទទួលរងផលប៉ះពាល់ពីប្រតិបត្តិការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។ រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ និងបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ម៉ត់ចត់ និងមុតស្រួចជាបន្តបន្ទាប់ ក្នុងការប្រយុទ្ធប្រឆាំងនិងបោសសម្អាតឧក្រិដ្ឋកម្មនេះឱ្យអស់ពីកម្ពុជា ដើម្បីលើកកេរ្តិ៍ឈ្មោះ និងកិត្តិយសប្រទេស។ កម្ពុជាក៏កំពុងបង្កើនកិច្ចសហការជាមួយជាបណ្តាប្រទេសជាមិត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាជាសកល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រោះកម្ពុជាក៏មិនអាចប្រយុទ្ធប្រឆាំងតែឯងបាននោះដែរ។
មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានជូនពរ ឯកឧត្តម Ueno Atsushi ទទួលបានជោគជ័យក្នុងបេសកកម្មការទូតថ្មីជាឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសឥណ្ឌូណេស៊ី និងបានសម្តែងនូវការជឿជាក់ថា ឯកឧត្តមនឹងបន្តរួមចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា–ជប៉ុន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ ក៏ដូចជាដើម្បីលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព សម្រាប់ជាប្រយោជន៍រួមរបស់តំបន់ និងពិភពលោក។ រក្សាសិទ្ធដោយ៖សុទ្ធលី











