Friday, September 29, 2023
[the_ad id="301779"]

គណៈកម្មការទី២ និងទី៩ នៃរដ្ឋសភា លើកយកសេចក្តីព្រាងច្បាប់ចំនួន៤ ពាក់ព័ន្ធអគ្គិសនីមកពិភាក្សា

spot_img

ភ្នំពេញ ៖ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភានិង គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាល តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១ខែមេសា២០២១។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម និងលោកស្រី និន សាផុន គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ។

លោកឡេង ប៉េង ឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ប្រាប់វិទ្យុបាយ័នថា កិច្ចប្រជុំនេះ ពាក់ព័ន្ធទៅនិងសេចក្តីព្រាងច្បាប់ចំនួន ៤ គឺពាក់ព័ន្ធទៅនិងអគ្គិសនីក្នុងការផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនចំនួន៤ ដោយក្នុងនោះមានក្រុមហ៊ុនចំនួនពីរធ្វើបណ្តាញអគ្គិសនីបន្តពីកម្ពុជាទៅព្រំដែនឡាវ និងថៃ និងពីរក្រុមហ៊ុនទៀតទាញអគ្គិសនីពីវៀតណាម និងការធានាទូទាត់ចំពោះការវិនិយោគពាក់ព័ន្ធនិងបញ្ហាអគ្គិសនី។

លោកបានបញ្ជាក់ថា “ព្រឹកមិញនេះ គណៈកម្មការទី២ និងគណៈកម្មការទី៩ នៃរដ្ឋសភា បានជួបប្រជុំពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពាក់ព័ន្ធនិងបញ្ហាថវិកា និងការផ្តល់អាជ្ញាប័ណ្ណធានាទូទាត់ជូនក្រុមហ៊ុនទាំង៤”
សេចក្តីព្រាងច្បាប់ចំនួន៤ ដែលលើកយកមកពិភាក្សាមានដូចជាៈ
១- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបង ទៅកាន់ព្រំដែនកម្ពុជា-ថៃ ។

២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-ឡាវ។

៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។

៤- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="339994"]
[the_ad id="409036"]
spot_img