Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាររៀបរាប់យ៉ាងវែងអន្លាយ ពីកូនស្រីដ៏កតញ្ញូម្នាក់ តស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ មើលថែម្តាយខ្លួនដែលបានឆ្លង រហូតនាទីចុងក្រោយ អានហើយទប់ទឹកភ្នែកមិនបាន!

ភ្នំពេញ ៖ គ្រប់គ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាសម្តែងនូវក្តីពេញចិត្ត កោតសរសើរជាខ្លាំង និងសឹងតែទប់ទឹកភ្នែកពុំបានទេ ក្រោយបានឃើញពីទំហំទឹកចិត្តកូនស្រីដ៏កតញ្ញូម្នាក់ ដែលបានតស៊ូប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ តាមមើលថែម្តាយដែលបានឆ្លងជំងឺដ៏កាចសាហាវមួយនេះ នៅក្នុងមន្ទីរពេទ្យពេញៗមួយយប់ សឹងគ្មានពេលសម្រាក ព្រោះតែចង់ឲ្យម្តាយបានរួចផុតពីអាយុជីវិត ប៉ុន្តែ ទោះយ៉ាងណា នៅទីបំផុត ចង្កូមមជ្ជរាជនៅតែតាមផ្តាច់សង្ខារម្តាយរបស់នាង ឲ្យលាចាកលោកនេះទាំងនៅវ័យក្មេង។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Ellie Kim បានបង្ហោះសាររៀបរាប់យ៉ាងវែងអន្លាយ តាំងពីអំឡុងពេលមើលថែម្តាយ និងប្រាប់ពីទឹកចិត្តម្តាយខ្លួនដេញឲ្យកូនចាកចេញឆ្ងាយ និងទោះគាត់ស្ថិតក្នុងដល់ដំណាក់កាលចុងក្រោយយ៉ាងណា ក៏នៅតែបារម្ភពីសុវត្ថិភាពកូនខ្លាចឆ្លងតាម ដែលមានខ្លឹមសារទាំងស្រុងថា៖ «ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១ ម៉ោង១១ ព្រឹកក្រោយលឺដំណឹងម៉ាក់ឈឺ ៨ថ្ងៃ ខ្ញុំបានទៅមេីលគាត់ដោយអារម្មណ៍អន្ទះសារ គាត់បានលាក់បាំងខ្ញុំដោយគ្រាន់តែប្រាប់ថា គាត់ផ្តាសាយក្តៅខ្លួនតិចតួច។ ពេលទៅដល់ ខ្ញុំឃេីញគាត់ក្តៅស្ទីងៗ ដកដង្ហេីមផតចូលក្នុងខ្លាំង (ដង្ហក់) ហេីយបែកញេីសពេញខ្លួន ។ ខ្ញុំយកដៃស្ទាបគាត់ គាត់ស្តីឲ្យខ្ញុំថាកុំប៉ះគាត់ បេីគាត់កេីតកូវីត ខ្ញុំនឹងឆ្លង។ ម៉ោង ៣ រសៀលខ្ញុំសម្រេចចិត្តយកគាត់ទៅពេទ្យសាន់រ៉ាយដេីម្បីពិនិត្យ ពេលទៅដល់ពេទ្យថតសួតគាត់មុនគេ ដោយសង្ស័យពីអាការៈគាត់។ ពេលថតរួចឃេីញរលាកទាំងសងខាងពេទ្យក៏រុញឲ្យខ្ញុំទៅពេទ្យសូវៀតភ្លាម។

ម៉ោង៦ល្ងាចខ្ញុំទៅដល់ពេទ្យសូវៀត សួរនាំរួចគេរុញម៉ាក់ចូលបន្ទប់សង្គ្រោះបន្ទាន់។ គិលានុបដ្ឋាយិកា ម្នាក់មកវ៉ាស់អុកសុីសែនម៉ាក់ ហេីយបេីកភ្នែកធំៗ និយាយថាបេីនៅចាំលទ្ធផលតេស្តទៀត គាត់នឹងផុតហេីយ។ គាត់ក៏ទាញ ឧបករណ៍ ដាក់ជំនួយដង្ហេីមអោយម៉ាក់ភ្លាម។ នៅរង់ចាំរហូតដល់ ម៉ោង ១ភ្លឺ ទេីបពេទ្យធ្វេី Rapid Test ឲ្យម៉ាក់ ឃេីញគាត់វិជ្ជមានកូវីដ១៩ បឋម។ ម៉ោង៣ ទៀបភ្លឺ គេបញ្ជូនគាត់ទៅមណ្ឌលចត្តាឡីស័កខាងក្រោយពេទ្យ ដេីម្បីយកសំណាកម្តងទៀតទៅពិនិត្យនៅប៉ាស្ទ័រ។

ថ្ងៃទី២៥ ខ្ញុំមេីលថែទាំម្តាយដែលកំពុងរង់ចាំទៅទទួលការព្យាបាល នៅអាគារព្យាបាលអ្នកជំងឺកូវីដជាបណ្តោះអាសន្ន។ ម៉ាក់អង្គុយជាប់រហូត ព្រោះសួតគាត់រលាកសងខាងពិបាកដកដង្ហេីមខ្លាំង។ គាត់ប្រឹងប្រែងដកដង្ហេីម ដោយសារខ្ញុំនៅជិតគាត់ សុំអង្វរគាត់ឲ្យគាត់ខំបន្តទៀត។ ខ្ញុំច្បាំងជាមួយគាត់ក្នុងដំណាក់កាលនេះផង ការពារខ្លួនកុំឲ្យឆ្លងផង ។ ខ្ញុំជូតសម្អាតខ្លួនគាត់ ចាក់ទឹកនោម លាមកគាត់មេីលថែគាត់ មិនហ៊ានបិទភ្នែកគេងលេីស១៥នាទីទេ។ ពេលចូលទៅម្តងៗ ខ្ញុំពាក់ម៉ាស បិទដង្ហេីមខ្លួនឯង ពាក់ស្រោមដៃ បាញ់អាកុល៥នាទីម្តងលេីខ្យល់ក្នុងបន្ទប់គាត់ និងបាញ់សព្វលេីខ្លួនឯង បាញ់រហូតដល់មុខនិងដៃរលាកទាំងសងខាង។ ខ្ញុំមិនយកដៃប៉ះមុខ មិនបេីកម៉ាសស្ទេីរ២៤ម៉ោង។ ទោះយំក៏យកក្រដាសអាកុលជូតភ្នែក ពេលហូបទឹក ឬបាយគឺដេីរទៅឆ្ងាយដល់ច្រកទ្វាចូលអគារហូបមិនឲ្យលេីស ៣នាទីទេ ព្រោះនៅទីនេះមិនមែនមានតែម៉ាក់ម្នាក់ទេដែលឈឺ។ ខ្ញុំអង្គុយលេីបង់ក្រៅបន្ទប់គេង យាមម៉ាក់ ភ្នែកមិនហ៊ានបិទលេី៥នាទីឡេីយ។ មានម្តងម៉ាក់គាត់ខ្លាចខ្ញុំមេីលថែគាត់លំបាកហេីយឆ្លង គាត់ប្រឹងងេីបឡេីងបត់ជេីងធំខ្លួនឯងលេីកន្ធោរទាំងជាប់ស៊ុងទឹកនោម។ ពេលខ្ញុំមកឃេីញ អុកសុីសែនគាត់នៅត្រឹម ៥០ជាង គាត់ស្ទេីរដកដង្ហេីមមិនដល់គ្នា។ ខ្ញុំប្រាប់គាត់ថា “ម៉ាក់ កូនមេីលថែម៉ាក់បាន កូនមានកូនតូច កូនមេីលកូនស្រីកូនឡេីងទម្លាប់ហេីយ។ ម៉ាក់ប៉ុណ្ណឹងកូនមេីលបាន ទោះកូនឆ្លងយ៉ាងច្រេីនសម្រាកព្យាបាល។ កូននៅពេទ្យស្រាប់ ហេីយកូនសុខភាពល្អទេ។ កូនឆ្លងក៏កូនមិនឈឺធ្ងន់ដែរ។”

នៅដំណាក់កាលស្លាប់រស់នេះទៅហេីយ កូនដឹងថាម៉ាក់នៅតែបារម្ភកូន។ ម៉ាក់ប្រឹងនិយាយលេីកណាក៏ថា “កូនទៅគេងទៅ កូនគេងអត់ឆ្អែតប្រយ័ត្នចាស់ទៅកេីតទឹកនោមផ្អែមដូចម៉ាក់។” “កូនចេញឲ្យឆ្ងាយពីម៉ាក់ទៅ កុំឈរមេីលម៉ាក់នៅមាត់ទ្វា ប្រយ័ត្ន ឆ្លង” “កូនសួរពេទ្យមេីល លទ្ធផលកូនចេញនៅ ពេលណាគេឲ្យកូនចេញពីទីនេះ” “កូនញាំបាយខ្លួនឯងទៅ ម៉ាក់ហូបបាយខ្លួនឯងបាន មិនបាច់ឈរមេីលម៉ាក់ទេ កុំឲ្យឃ្លាន” “កូនទៅងូតទឹកទៅ កូនខានប្តូរខោអាវពីរថ្ងៃហេីយណា” “កូនមានធ្វេីទុកអីក្នុងខ្លួនអត់ មានអត់ស្រួលខ្លួនត្រង់ណាអត់”។ ដោយសារម៉ាក់មិនស្រួល ខ្ញុំក៏រកនឹកអ្នកដែលចម្លងគាត់ គិតរួចខ្ញុំក៏ឆាតទៅមនុស្សពីរនាក់ដែលខ្ញុំគិតថាជាអ្នកចម្លងគាត់។ ម្នាក់គឺបុគ្គលិកថ្មីខ្ញុំចូលបានមួយសប្តាហ៍។ ម្នាក់ទៀតជិតស្និទ្ធជាមួយម្តាយខ្ញុំ និងជិតស្និទ្ធជាមួយបុគ្គលិកថ្មីនោះ។ ខ្ញុំប្រាប់ឲ្យពួកគេទៅធ្វេីតេស្តភ្លាមនៅថ្ងៃទី២៥ នៅថ្ងៃទី២៦ លទ្ធផលចេញមកបង្ហាញថា បុគ្គលិកម្នាក់ថ្មីដែលខ្ញុំយកមកធ្វេីការមានវិជ្ជមានកូវីដ១៩។ ខ្ញុំក៏បានដឹងច្បាស់ថាគាត់ជាប្រភពចម្លងទៅម្តាយខ្ញុំ។ ទន្ទឹមនឹងនោះ ប៉ាខ្ញុំក៏ចេញលទ្ធផលតេស្តវិជ្ជមាននៅថ្ងៃដដែល។ ហេីយក្រសួងសុខាភិបាល ក៏បានចុះទៅយកសំណាកបុគ្គលិកនៅក្នុងហាងប្អូនប្រុសខ្ញុំ និងហាងខ្ញុំទាំងពីរ ហេីយបិទទ្វារបណ្តោះអាសន្ន។

យប់ថ្ងៃទី២៦ ម៉ាក់ខ្ញុំធ្វេីទុកខ្លាំង គាត់ហូបលែងបាន ដង្ហេីមខ្លីជាងមុន។ ខ្ញុំនៅមេីលអុកសុីសែនឲ្យគាត់និងប្តូរអុកសុីសែនឲ្យគាត់ពីបំពង់មួយទៅបំពង់មួយពេញមួយយប់។ នៅពេលមួយដែលបំពង់អុកសុីសែនគាត់អស់ទាំងអស់ ខ្ញុំស្រែកប្រាប់គាត់ “ម៉ាក់ទ្រាំបន្តិចណា កូនទៅអូសបំពង់អុកសុីសែនពីបន្ទប់ជាប់នឹងដាក់ឲ្យម៉ាក់ហេីយ។ កូនចេះប្តូរ កូនប្តូរក្បាលអុកសុីសែនដាក់ឲ្យម៉ាក់”។ ខ្ញុំធ្វេីដូចនេះពេញមួយយប់រហូតដល់ភ្លឺ អង្គុយមាត់ទ្វាបន្ទប់ជិតគាត់ជាប់ មេីលរង្វាស់អុកសុីសែនគាត់លេីអេក្រង់ និងមេីលទឹកមុខដែលហត់ខ្លាំង និងស្គមរីងរៃរបស់គាត់ ទាំងសោកសង្រែង។ តែអ្នកម្តាយ អ្នកម្តាយមិនដែលបង្រៀនកូនឲ្យបោះបង់ទេ ដូចនេះកូនមានតែតស៊ូរហូតដល់អភូត្តហេតុកេីតមាន។ កូនជាមនុស្សដែលមិនចុះចាញ់ អ៊ីចឹងកូនធ្វេីម្តេចបាននឹងបោះបង់អ្នកម្តាយនោះ។ ទោះឃេីញអ្នកម្តាយលំបាក ក៏កូនចង់ឲ្យអ្នកម្តាយស៊ូ រហូតយេីងបានឆ្លងផុតពីទីនេះដល់គេបញ្ជូនអ្នកម្តាយទៅអគារព្យាបាលណា។

ព្រឹកឡេីងម៉ោង៦ ថ្ងៃទី២៧ អ្នកម្តាយត្រូវបានគ្រូពេទ្យបញ្ជាក់ថា លទ្ធផលតេស្តវិជ្ជមាន ទេីបម៉ោង ៩ព្រឹកគេបញ្ជូនគាត់ចូលសម្រាកព្យាបាល នៅអគារសម្រាកព្យាបាលអ្នកជំងឺកូវីដ។ ខ្ញុំអង្វករអ្នកយាមមណ្ឌល ឲ្យខ្ញុំបានរត់ទៅតាមឡានពេទ្យទាំងគេមិនឲ្យខ្ញុំចេញពីអគារចត្តាឡីស័ក ដេីម្បីដាក់បង្វេចអ្នកម្តាយទៅលេីឡាន ព្រោះមិនមានអ្នកណាម្នាក់ហ៊ានមកលេីកដាក់ឲ្យគាត់ទេ។ ខ្ញុំស្រែកផ្តាំទៅគាត់ជាចុងក្រោយថា “ម៉ាក់ត្រូវតែស៊ូ ម៉ាក់នឹងជា ណាម៉ាក់ណា”។ ឡានបិទទ្វារហេីយបេីកចេញទៅ ខ្ញុំយំអង្វរទៅទេវតា និងមនុស្សគ្រប់គ្នា លេីកដៃសំពះឲ្យជួយម្តាយខ្ញុំផង ហេីយដេីរត្រឡប់ចូលមណ្ឌលចត្តាឡីស័កវិញ អង្គុយហាលថ្ងៃទាំងខ្លួនគ្មានបន្ទប់ស្នាក់ មានតែកន្ទេលនិងគ្រែពេទ្យក្បែរផ្លូវសម្រាក។

ថ្ងៃបន្ទាប់ គ្រូពេទ្យក៏បេីកបន្ទប់មួយឲ្យខ្ញុំសម្រាក។ ខ្ញុំរង់ចាំថ្ងៃទី១ ថ្ងៃទី២ ថ្ងៃទី៣ ម៉ាក់ខលមកខ្ញុំហៅ “គីម ៗ កូននៅណា” ទាំងមាត់គាត់ជាប់អុកសុីសែន ឮតែខ្យល់ខ្សាវៗ។ ខ្ញុំនិយាយទៅកាន់គាត់ថា “ម៉ាក់ ខ្ញុំអត់អីទេ ម៉ាក់កុំបារម្ភ។ តេស្តខ្ញុំចេញអវិជ្ជមានហេីយ។ ម៉ាក់ស្តាប់ពេទ្យណា កូនផ្តាំពេទ្យហេីយឲ្យមេីលម៉ាក់ ម៉ាក់ខំពេកខ្លាចហត់ ចាំពេលម៉ាក់ធូរ កូនខលទៅម៉ាក់ទៀត”។ ខ្ញុំទុកទូរស័ព្ទមិនបិទ ស្តាប់សំឡេងគាត់មួយម៉ោងពេញ។ គាត់ហត់ ដង្ហក់ ហេីយក្អករហូត។

ល្ងាចថ្ងៃទី៣០ ខ្ញុំត្រូវបានពេទ្យអនុញ្ញាតឲ្យចេញពីមណ្ឌលចត្តាឡីស័ក ក្រោយតេស្តលេីកទីបី ហេីយឲ្យបន្តនៅឃុំខ្លួន១៤ ថ្ងៃទៀត។

ព្រឹកឡេីងថ្ងៃ ៣១ ខ្ញុំឃេីញព័ត៌មានស្ត្រីអាយុ៥៦ ឆ្នាំស្លាប់នៅមន្ទីរពេទ្យសូវៀត ខ្ញុំខលទៅគ្រូពេទ្យភ្លាម។ គាត់ប្រាប់ថាម៉ាក់ខ្ញុំមិនអីទេ គាត់នៅគ្រែផ្សេង មិនមែនម៉ាក់ខ្ញុំទេ។ គ្រូពេទ្យក៏សួរខ្ញុំថា ពេលណាខ្ញុំបានចេញពីមណ្ឌល ខ្ញុំថាខ្ញុំចេញហេីយ តាំងពីម្សិលមិញ។ រហូតដល់ម៉ោង៣និង១៣ នាទី គ្រូពេទ្យខលមកខ្ញុំម្តង ប្រាប់ពីដំណឹងម្តាយខ្ញុំចែកឋាន នៅវេលាម៉ោង ១៤និង៤៣នាទី ក្រោយសង្គ្រោះអស់ពីលទ្ធភាព។

កូនដឹងថាម៉ាក់ប្រឹងអស់លទ្ធភាពហេីយ ម៉ាក់មិនដែលខ្លាចក្តីស្លាប់ទេ ម៉ាក់ស៊ូក៏ព្រោះតែក្តីអង្វកររបស់កូន។ គ្រាន់តែបានឮកូនបានចេញពីមណ្ឌលភ្លាម ម៉ាក់ក៏សម្រេចចិត្តចាកចេញ។ កូនដឹងថា ម៉ាក់នៅបារម្ភពីកូនទេីបម៉ាក់ទ្រាំចង់ឮដំណឹងកូន។ កូនមានសុខភាពល្អទេ។ ម៉ាក់ធូរចិត្តហេីយ។ ម៉ាក់រស់នៅបានយ៉ាងពេញលេញហេីយ ម៉ាក់មានប្តីដែលស្រឡាញ់ម៉ាក់ ម៉ាក់បានបីបាច់កូនទាំង៤ ឲ្យក្លាយជាបញ្ញវ័ន្ត និងអ្នកជំនួញដែលប្រកបដោយធម៌ និងក្តីមេត្តាក្នុងខ្លួន ម៉ាក់ទទួលបានកូនប្រសា៤ និងចៅ៨ ដែលសុទ្ធតែជាមនុស្សល្អ និងជាអ្នកសាងល្អ។ កូនអរគុណនូវគុណូបការៈរបស់ម៉ាក់ណាស់ ។ ម៉ាក់សម្រាកចុះ។ កូននឹងយកម៉ាក់ទៅវត្ត ឲ្យម៉ាក់បានសុំសីល ដោយក្តីស្ងប់សុខណាម៉ាក់ណា។

នៅថ្ងៃដដែលម៉ោង ១៤និង៤៣នាទី ប្អូនថ្លៃខ្ញុំពិនិត្យពោះឃេីញកូនភ្លោះ។ គ្រួសារខ្ញុំទទួលបានក្តីសង្ឃឹមឡេីងវិញ។ ម៉ាក់សាងអភូត្តហេតុហេីយ។ ម៉ាក់ចូលទៅនៅក្នុងពោះកូនស្រីប្រសាម៉ាក់។ ម៉ាក់មិនទៅណាចោលពួកកូនទេ។ អរគុណម៉ាក់ដែលស្រឡាញ់កូនៗយ៉ាងនេះ។ »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×