ភ្នំពេញ ៖ កម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោ និងសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលពងទឹក ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈពេលដែលជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ តែមិនបានសម្រេច ករណីឃាត់ខ្លួននេះ ធ្វេីឡេីងកាលពី វេលាម៉ោង ១៤និង ៣៥ នាទីថ្ងៃទី១ ខែមេសា ឆ្នាំ ២០២១ ត្រង់ចំណុចតូបជួសជុលម៉ូតូ ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ។
ជនរងគ្រោះឈ្មោះជុំ មករា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ។
ចំណែកជនសង្ស័យឈ្មោះ ម៉ន សុភា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ (មានសារធាតុញៀន)។
បេីតាមសម្ដីលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង ៣៥ នាទីជនរងគ្រោះ បានជិះម៉ូតូម៉ាកនិចពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1 CD 26 86 ចេញពីផ្ទះស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ ទៅឲ្យជាងដេីម្បីជួសជុល ខណៈពេលដែលជនរងគ្រោះ ជិះម៉ូតូទៅដល់ផ្ទះជាង ក៏បានទុកម៉ូតូនៅខាងមុខផ្ទះ ដើម្បីឲ្យជាងជួសជុលហ្រ្វាំងម៉ូតូ ហើយជនរងគ្រោះ ពុំបានដកសោម៉ូតូចេញពីម៉ូតូទេ រួចក៏ដើរត្រឡប់មកផ្ទះវិញ។
ស្របពេលនោះជនសង្ស័យ បានដើរមកដល់ក៏ធ្វើសកម្មភាពលួចយកម៉ូតូម៉ាកខាងលើ ឡើងជិះហើយបញ្ឆេះម៉ូតូបម្រុងជិះគេចខ្លួន តែត្រូវបានប្រពន្ធរបស់ជាង បានឃើញក៏ស្ទុះទៅចាប់ទាញកន្ទុយម៉ូតូជាប់ រួចស្រែកឲ្យអ្នកជិតខាងជួយ ហើយកម្លាំងសមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាតក្បែរនោះ ស្រាប់ក៏ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបាន រួមនឹងវត្ថុតាងយកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចថា រូបគេ ពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូ របស់ជនរងគ្រោះប្រាកដមែន ហើយកន្លងមក រូបគេធ្លាប់ធ្វើសកម្មភាពលួចជាច្រើនលេីកផងដែរ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន: ម៉ូតូម៉ាកនិចពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1CD 2686 របស់ជនរងគ្រោះ ដាវកែច្នៃប្រវែង ៥៤ សង់ទីម៉ែត្រ ចំនួន០១ដើម ដំបងឈើមូលប្រវែង ៧៥ សង់ទីម៉ែត្រចំនួន០១ដើមសម្ភារៈបាត់បង (គ្មាន)។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួន ជាបណ្ដោះអាសន្ន នៅអធិការដ្ឋានខណ្ឌដង្កោ និងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖សួង សាម

