សត្វស្វា១ក្បាល ដែលមានឈ្មោះថា Godzilla តែងត្រូវបានប្រទះឃើញនៅឯតូបលក់ដូរមួយ នៅក្នុងផ្សារមួយកន្លែង ស្ថិតក្នុងស្រុក Min Buri ទីក្រុងបាងកក ប្រទេសថៃ បានទាក់ទាញភ្ញៀវទេសចរ មកប្រមូលផ្តុំគ្នាចោមរោមព្រោងព្រាត ព្រោះតែចង់ឃើញផ្ទាល់ភ្នែក ពីរូបរាងធាត់ឡើងស្អៀចរបស់វា។
Godzilla អាយុ ៣ ឆ្នាំ បានពាក់អាវយឺតយ៉ាងរឹបណែន ខណៈត្រូវបានចងជាប់នឹងតុ។ វីដេអូបានបង្ហាញវាខាំដបទឹក ដោយរុញដៃមនុស្សគ្រប់គ្នាចេញ ខណៈពួកគេព្យាយាមផ្តល់ចំណីឲ្យវាស៊ី។
ពិតណាស់ ទម្ងន់ស្វាជាមធ្យម គឺចន្លោះពី ៨ ទៅ ១០ គីឡូ ប៉ុណ្ណោះ ប៉ុន្តែ សម្រាប់ Godzilla វិញ គឺទម្ងន់របស់វាទ្វេដងនៃទម្ងន់មធ្យម ដោយទម្ងន់របស់វាឡើងរហូតដល់ជាង ២០ គីឡូ។
ម្ចាស់តូប អ្នកស្រី Manop បាននិយាយថា អ្នកស្រីបានយក Godzilla មកចិញ្ចឹមតាំងពីតូចមកម្ល៉េះ គឺនៅពេលវាត្រូវបានអតីតម្ចាស់របស់វាបោះបង់ចោល។ អ្នកស្រីក៏បានឲ្យដឹងថា គាត់តែងឲ្យ Godzilla ធ្វើលំហាត់ប្រាណនៅរៀងរាល់ពេលព្រឹក ប៉ុន្តែ វានៅតែធាត់ដដែល។ វាមិនចូលចិត្តមនុស្សចម្លែក មកប៉ះវាទេ ហើយវាឆាប់មានឥរិយាបទហឹង្សា ប្រសិនបើវាមិនចូលចិត្តនរណាម្នាក់។
អ្នកស្រី Manop និយាយថា «ខ្ញុំតែងនាំ Godzilla ទៅផ្សារជាមួយខ្ញុំ ។ ខ្ញុំមិនចូលចិត្តទុកវាឲ្យនៅម្នាក់ឯងទេ ព្រោះមានអារម្មណ៍ស្ត្រេស។ មនុស្សជាច្រើនបានផ្តល់ចំណីឲ្យ Godzilla ប៉ុន្តែ វាយល់ព្រមស៊ី ទាល់តែមនុស្សណាដែលវាចូលចិត្ត»។
តែទោះយ៉ាងណា គេបានឃើញវាចុងក្រោយ នៅក្នុងខែមិថុនា ឆ្នាំ២០១៩ មុនពេលវាបាត់ខ្លួន ហើយបច្ចុប្បន្ននេះ ត្រូវបានដឹងថាវាស្លាប់ហើយ។
Godzilla មានទម្ងន់រហូតដល់ ២៧ គីឡូ ហើយត្រូវបានគេនិយាយថា វាមានអាយុប្រហែល ១០ ទៅ ១៥ ឆ្នាំ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

