ស្ទឹងត្រែង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានរកឃើញក្រុមចែកចាយជក់ថ្នាំញៀន ដែលធ្វើសកម្មភាពអុកឡុកក្នុងសង្គម ករណីឆក់និងលួចទ្រព្យសម្បត្តិអ្នកដទៃ។ ការបំបែកសំបុកខាងលើ កម្លាំងកងរាជអាវុធហត្ថ បានធ្វើឡើងនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កាលពីរសៀលថ្ងៃទី ១ ខែមេសាឆ្នាំ ២០២១ ម្សិលមិញ។
លោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរងអាវុធហត្ថខេត្ត ដែលបានដឹកនាំកម្លាំងដោយបានសហការ ជាមួយជំនាញរដ្ឋបាលព្រៃឈើ ក្រោមការសម្របសម្រួលពីស្ថាប័នតុលាការ ចុះឆែកឆេរសំបុកក្រុមចោរមួយកន្លែង នៅចំណុចដីឡូតិ៍នៅជិតផ្លូវបំបែកច្រមុះជ្រូកចំការម៉ៃសាក់ ភូមិរាជានុគោល សង្កាត់ស្ទឹងត្រែង។ ជាមួយនោះ សមត្ថកិច្ចក៏បានរឹបអូសយកវត្ថុតាងជាច្រើន ដែលក្រុមទាំងនោះបានលួចយកទៅលាក់ទុក។
លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានបន្តឲ្យដឹងថា មុននឹងឈានដល់ការចុះទៅឡោមព័ទ្ធ ដល់ទីតាំងសំបុកចោរទាំងនោះ ពីដំបូងមានបណ្តឹងពីប្រជាពលរដ្ឋ ដោយផ្អែកលើរូបភាពវីដេអូសុវត្ថិភាព ឈានទៅឃាត់ខ្លួនយុវជនម្នាក់ ក្រោយធ្វើសកម្មភាពលួចគាស់ស័ង្កសីផ្ទះទីតាំងមួយកន្លែង។
បន្ទាប់មកកម្លាំងសមត្ថកិច្ច ក៏នាំជនសង្ស័យរូបនោះ ទៅយកមធ្យោបាយបម្រើឲ្យបទល្មើស ទើបឈានចូលដល់សំបុកក្រុមចែកចាយ ជក់ និងលួចទ្រព្យសម្បតិ្តគេឯង។
កម្លាំងសមត្ថកិច្ចពុំបានឃាត់ខ្លួនក្រុមនោះ បន្ថែមទៀតបានទេ ដោយពួកគេបែកហ្វូងរត់ចូលព្រៃអស់ ពេលឃើញសមត្ថកិច្ចចុះទៅដល់។ សមត្ថកិច្ចក៏បានស្នើទៅស្ថាប័នតុលាការ និងបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចជំនាញ រឹបអូសវត្ថុតាងទៅរក្សាទុករង់ចាំម្ចាស់ទ្រព្យ ដែលត្រូវក្រុមចោរលួចយកទៅនោះ។ វត្ថុតាងដែលសមត្ថកិច្ចដកហូត រួមមានឈើប្រណិត ជាច្រើន ម៉ូតូចំនួន ៦ គ្រឿង មាន់ជាច្រើនក្បាល ដែលក្រុមចោរលួចពីអ្នកភូមិក្បែរនោះ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនជាច្រើនទៀត។ ក្រោយបញ្ចប់នីតិវិធីខាងស្ថាប័នតុលាការ ក៏បានបញ្ជាឲ្យបិទទីតាំងខាងលើនោះតែម្តង៕ រក្សាសិទ្ធិដោយ៖សំណាង





