ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅយប់ថ្ងៃទី២ ខែមេសានេះថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ ដែលរស់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦:១០នាទី ល្ងាច ។
ក្រសួងសុខាភិបាលបន្តថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទីព្រឹក បុរសខាងលើបានចូលមកសម្រាកព្យាបាលជំងឺនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយអ្នកជំងឺមានសភាពហត់ខ្លាំង នៅពេលនោះក្រុមគ្រូពេទ្យបានយកអ្នកជំងឺដាក់សម្រាក ក្នុងបន្ទប់សង្គ្រោះបន្ទាន់ និងបានយកសំណាកទៅវិភាគ។ ដោយសារអ្នកជំងឺមានស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង តម្រូវឱ្យក្រុម គ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមដើម្បីជួយសង្គ្រោះ ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់ បាត់បង់ជីវិត នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦និង១០នាទី ល្ងាច។
លទ្ធផលពិនិត្យសំណាករបស់គាត់ ដែលទទួលបានពីមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបញ្ជាក់ថា មានវិជ្ជមានវីរុសកូវីដ-១៩។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបញ្ជាក់ថា បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវ ដង្ហើមធ្ងន់ធ្ងរ និង រលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។
គួរបញ្ជាក់ថា មនុស្សចំនួន ១៨ហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩ គឺគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយៈ ចេស្តារ