តៃវ៉ាន់ ៖ មនុស្សចំនួន៤១នាក់បានស្លាប់ និង៧២នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីរថភ្លើងមួយខ្សែបានរអិលធ្លាក់ផ្លូវ ក្នុងរូងក្រោមដីមួយនៅក្នុងភាគខាងកើតនៃកោះតៃវ៉ាន់កាលពីថ្ងៃសុក្រ ទី២នេះ ខណៈឧប្បត្តិហេតុនេះកើតឡើងបន្ទាប់ពីរថភ្លើងបានបុករថយន្តសំណង់មួយគ្រឿង។
ក្នុងសេចក្តីថ្លែងការណ៍របស់នាយកដ្ឋានពន្លត់អគ្គីភ័យតៃវ៉ាន់បានឱ្យដឹងថា រថភ្លើងខាងលើគឺធ្វើដំណើរទៅកាន់តំបន់ Taitung ហើយក៏រអិលចេញពីផ្លូវដែកក្នុងផ្លូវក្រោមដីនៅភាគខាងជើងនៃទីក្រុង Hualien ដែលបណ្តាលឲ្យទូររថភ្លើងបុកជាមួយជញ្ជាំងរ៉ូងក្រោមដីនោះតែម្តង។
ប៉ូលីសក្នុងតំបន់ Hualien បាននិយាយាថា គ្រោះថ្នាក់គឺ បង្កឡើងដោយសាររថយន្តការដ្ឋានសាងសង់រអិលធ្លាក់ចុះមកលើផ្លូវដែក ហើយបានបុកជាមួយរថភ្លើងមុនពេលចូលទៅក្នុងផ្លូវរូងក្រោមដី។
អធិការប៉ូលីសក្នុងខេត្ត Hualien លោក Tsai Ding-hsien បានប្រាប់អ្នកយកព័ត៌មានថា នៅកន្លែងកើតហេតុ គឺមានរថយន្តសំណង់មួយគ្រឿងដែលចតទុកចោល មិនមានរបៀបត្រឹមត្រូវទើបបណ្តាលឲ្យរអិលចុះមកលើផ្លូវដែក។
លោកបន្តថា នេះជាការសន្និដ្ឋានដំបូង ហើយយើងក៏កំពុងបញ្ជាក់ពីឧប្បត្តិហេតុដែលកើតមានឡើងនេះ។
ក្នុងសេចក្តីថ្លែងការណ៍ដដែលបាននិយាយថា យ៉ាងហោចណាស់អ្នកដំណើរ ចំនួន៤១នាក់ត្រូវបានគេជឿថាបាត់បង់ជិវិត។ ក្នុងនោះ៣នាក់រងរបួសខ្លាំងដែលត្រូវបានបញ្ចូលទៅកាន់ទៅមន្ទីរពេទ្យ ហើយអ្នកដំណើរជាង៧២ផ្សេងទៀតរងរបួសស្រាលដែលកំពុងរងចាំបញ្ចូលទៅកាន់មន្ទីរពេទ្យផងដែរ។
នាយកដ្ឋានខាងលើបាននិយាយថា រថភ្លើងដែលក្រឡាប់នោះគឺផ្ទុកដំណើរចំនួនប្រមាណ៣៥០នាក់ ហើយកិច្ចប្រឹងប្រែងជួយសង្គ្រោះក៏កំពុងតែដំនើរជាបន្តបន្ទាប់។
នាយកដ្ឋានបញ្ជាក់ថា ក្នុងនោះ អ្នកដំណើរក្នុងចន្លោះពី៨០ ទៅ១០០នាក់ត្រូវបានជម្លៀសចេញពីរទូរភ្លើងចំនួន៤ ខណៈទូចំនួន៥ ទៅ៨ផ្សេងទៀតត្រូវរងការខូចខាតនិងពិបាកក្នុងការចូលសង្គ្រោះ។
កាលពីឆ្នាំ២០១៨ មនុស្សចំនួន១៨នាក់បានស្លាប់ និង១៧៥នាក់រងរបួសបន្ទាប់ពីរថភ្លើងបានរអិលធ្លាក់ចេញពីផ្លូវក្នុងតំបន់ភាគឥសាន្ត នៃកោះតៃវ៉ាន់ ដែលគ្រោះមហន្តរាយផ្លូវដែកនេះ គឺជារឿងដែលអាក្រក់បំផុតរបស់កោះតៃវ៉ាន់ ក្នុងរយៈពេលជាង៣ទសវត្សរ៍កន្លងមក៕
ប្រភព៖ CNA
រក្សាសិទ្ធិដោយ៖CEN