ភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង៧ល្ងាច ឪពុកម្តាយរបស់ក្មេងអាយុ១០ឆ្នាំម្នាក់ បានរាយការណ៍មកកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅបន្ទាប់ពីក្មេងនេះមិនបានត្រលប់មកផ្ទះបន្ទាប់ពីបានទៅលេងទាត់បាល់។ សាក្សីបញ្ជាក់ប្រាប់ក្រុមគ្រួសារថាបានឃើញក្មេងរងគ្រោះជិះម៉ូតូឌប់មុនពេលបាត់ខ្លួន។
អង្គភាពការពារកុមារបានទទួលព័ត៌មាននៅថ្ងៃទី០១ ខែមេសា និងបានផ្តល់ជំនួយដល់កម្លាំងសមត្ថកិច្ចក្នុងការស្វែងរកកុមាររងគ្រោះ។ ក្រុមការងារចម្រុះក៏បានពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ។ នៅវេលាម៉ោង៨យប់ ថ្ងៃទី០១ ខែមេសា កុមាររងគ្រោះ កុមាររងគ្រោះនៅក្នុងស្ថានភាពបាត់ខ្លួននៅឡើយ ហើយការស៊ើបអង្កេតក៏បន្ត។

នៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ សាកសពកូនក្មេងមួយត្រូវបានរកឃើញនៅក្នុងគម្ភព្រៃ ក្បែរផ្លូវធំមួយនៅសង្កាត់ព្រែងឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) បានចូលរួមពិនិត្យកន្លែងកើតហេតុ និងទាក់ទងជាមួយមន្ត្រីនគរបាលពីនាយកដ្ឋានព្រហ្មទណ្ឌ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត នៃនគរបាលដ្ឋានរាជធានីភ្នំពេញ។ កន្លែងកើតហេតុត្រូវបានហំព័ទ និងការត្រួតពិនិត្យកន្លែងកើតហេតុ ក៏បានធ្វើឡើង។
អត្តសញ្ញាណសាកសពនេះត្រូវបានបញ្ជាក់ថាជាសាកសពរបស់កុមាររងគ្រោះដែលបានបាត់ខ្លួន ឈ្មោះ ជា ផែនហេង អាយុ១០ឆ្នាំ។
អង្គភាពការពារកុមារ (CPU) រួមជាមួយនឹងក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្កើតជាក្រុមការងារចម្រុះ CHARLIE21 ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីជម្រិតសម្លាប់ទៅលើកុមារឈ្មោះ ជា ផែនហេង។ មន្ត្រីស៊ើបអង្កេតបានបន្តការស៊ើបអង្កេត និងពិនិត្យមើលកាមេរ៉ាសុវត្ថិភាពបន្ថែម ហើយសូមស្នើទៅដល់មហាជនដែលបានឃើញក្មេងនេះនៅជិតវត្តជ្រយអំពិលកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ សូមមេត្តារាយការណ៍ទៅដល់កម្លាំងសមត្ថកិច្ច ឬអង្គភាពការពារកុមារ (CPU)។
ក្រុមការងារចម្រុះនឹងធ្វើគ្រប់យ៉ាង ថែមទាំងប្រើប្រាស់គ្រប់ធនធានដែលយើងមាន ដើម្បីគំណត់អត្តសញ្ញាណជនល្មើសទាំងឡាយដែលមានការពាក់ព័ន្ធក្នុងការណីឃាតកម្មទៅលើកុមារនេះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ





