ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យ និងដឹកនាំកងកម្លាំង អាជ្ញាធរដែនដី និងមន្ត្រីសុខាភិបាល រៀបចំកន្លែងត្រៀមបម្រុងទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ស្ថិតក្នុងទីតាំងអាគារស្នាក់នៅរបស់ក្រុមហ៊ុនការស៊ីណូបាវិតម៉ុកបាយ មានចំនួន២អាគារ គឺអាគារCសម្រាប់ក្រុមគ្រូពេទ្យ និងអាគារE សម្រាប់សម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ មានចំនួន ២៨៨ បន្ទប់ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
អញ្ជើញចូលរួមអមដំណើរលោកអភិបាលខេត្តក្នុងឱកាសនោះមាន លោកអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកអភិបាលក្រុងបាវិត រួមទាំងមន្ត្រីសុខាភិបាល និងអាជ្ញាធរដែនដីពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងកិច្ចការនេះ រដ្ឋបាលខេត្តស្វាយរៀង ក៏បានថ្លែងអំណរគុណ ចំពោះកងកម្លាំងទាំង៣ អាជ្ញាធរដែនដី ម្ចាស់ទីតាំងអាគារ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានចូលរួមចំណែកក្នុងការរៀបចំអាគារនេះ ទៅជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-៩ នៅក្នុងខេត្តស្វាយរៀង ជាពិសេសក៏សូមថ្លែងនូវការអរគុណ និងកោតសរសើរចំពោះបុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងខេត្ត ដែលជាកងទ័ពអាវស ដែលមិនត្រឹមតែបានចូលរួមក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសកម្ម លះបង់ពេលវេលាទាំងពេលយប់ និងពេលថ្ងៃដោយមិនខ្លាចពីការនឿយហត់ ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ យ៉ាងយកចិត្តទុកដាក់បំផុត ។
សូមបញ្ជាក់ផងដែរថា ក្រោមការយកចិត្តទុកដាក់របស់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត ដែលមានលោកអភិបាលខេត្តជាប្រធាន រដ្ឋបាលខេត្ត សង្ឃឹមថាស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងខេត្តស្វាយរៀង នឹងមានភាពធូរស្រាលនៅពេលឆាប់ៗខាងមុខនេះ ។ ទន្ទឹមនេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល “៣ការពារ ៣កុំ” ហើយបើគ្មានការចាំបាច់ សូមនៅតែក្នុងផ្ទះ ត្រូវរួមគ្នាកាត់ផ្តាច់ឬសគល់នៃជំងឺកូវីដ-១៩នេះ ដោយផ្តើមចេញពីការចូលរួមសហការពីប្រជាពលរដ្ឋម្នាក់ៗ និងគ្រប់ៗគ្នា ៕ រក្សាសិទ្ធិដោយ៖វ៉ៃកូ





