ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តម៉ាកសាយអនមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលចង្កូត ធ្លាក់ចូលក្នុងប្រឡាយ បណ្តាលឲ្យបុរសជាម្ចាស់ រថយន្តជាប់ក្នុងការប៊ីនមុខរងរបួសធ្ងន់ សំណាងល្អបានសមត្ថកិច្ច និងប្រជាពលរដ្ឋជួយគាស់យកចេញមកក្រៅ ដឹកទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃសៅរ៍ទី៣ ខែមេសា ឆ្នាំ២០២១ ចំណុចជាប់នឹងស្តុបទួលពង្រ ស្ថតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកសាយអនមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ2-AU 3217 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតជ្រុលធ្លាក់ចូលក្នុងប្រឡាយ បណ្តាលឲ្យរថយន្តទៅមុខលែងរួច និងរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចពិនិត្យមើលជុំវិញកន្លែងកើតហេតុ ដោយមិនមានប៉ះពារទៅលើទ្រព្យសម្បត្តិរដ្ឋ និងអ្នកដ៏ទៃទៀត ក៏ហៅរថយន្តស្ទូចមកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃស រងចាំម្ចាស់យកឯកសារមកទទួលរថយន្តវិញ៕ រក្សាសិទ្ធិដោយ៖សា មេត

