Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសាទរខួបឆ្នាំទី១៣ និងគម្រប់ខួប១ឆ្នាំ នៃកំណែទម្រង់ថ្មី មជ្ឈមណ្ឌលព័ត៌មាន CEN (Cambodia Express News)

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

PEN
លេខ ………. /២១ P.M.G

សេចក្តីប្រកាសព័ត៌មាន

ក្រុមហ៊ុន Pen Media Group មានកិត្តិយសសូមគោរពជម្រាបជូន សាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ៖ ថ្ងៃអាទិត្យទី៤ ខែមេសា ឆ្នាំ២០២១ នេះ ជាថ្ងៃអបអរសាទរខួបឆ្នាំទី១៣ និងគម្រប់ខួប១ឆ្នាំ នៃកំណែទម្រង់ថ្មី មជ្ឈមណ្ឌលព័ត៌មាន CEN (Cambodia Express News)។

ក្នុងរយៈពេលពេញមួយឆ្នាំនៃកំណែទម្រង់ថ្មី មជ្ឍមណ្ឌលព័ត៌មាន CEN (Cambodia Express News) របស់ ក្រុមហ៊ុន Pen Media Group, យើងបានខិតខំផ្សព្វផ្សាយព័ត៌មានច្រើនបែប ច្រើនសណ្ឋាន គ្រប់រសជាតិ សំដៅបម្រើមិត្តអ្នកអាន អ្នកទស្សនាជិតឆ្ងាយ ដោយគោរពជាដរាបនូវច្បាប់ស្តីពីរបបសារព័ត៌មាន គោលការណ៍សេរីភាព ក្រមសីលធម៌ វិជ្ជាជីវៈ និងគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី ក្នុងទម្រង់របប ប្រជាធិបតេយ្យ។

ស្របពេលនេះដែរ យើងខ្ញុំសូមទាញចំណាប់អារម្មណ៍លោក-អ្នកងាកទៅក្រោយបន្តិច ដំបូង គឺ ក្រុមហ៊ុន Pen Media Group ដែលមានបុត្តសម្ព័ន្ធ CEN (Cambodia Express News) ត្រូវបានបង្កើតឡើងដោយ លោក ប៉ែន សមិទ្ធិ ជាប្រធានស្ថាបនិក ជានិពន្ធនាយក កាសែតរស្មីកម្ពុជា និងជាប្រធានក្លិបអ្នកកាសែតកម្ពុជា ក្នុងឆ្នាំ២០០៨ (លោកបានធ្វើមរណកាលកាលក្នុងឆ្នាំ២០១៥)។ CEN (Cambodia Express News) ជាសារព័ត៌មានអនឡាញបែបទំនើប ដំបូងគេនៅកម្ពុជា។

ក្រោយមក ក្រុមហ៊ុន Pen Media Group, CEN (Cambodia Express News) ត្រូវបាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចអនុញ្ញាតឱ្យផ្ទេរសិទ្ធិគ្រប់គ្រង ពីកញ្ញា ប៉ែន នីណា មកជូន លោកស្រី ជីប យុទ្ធារី តាមលិខិត ៣១៩ ព.ម ប្រក របស់ក្រសួងព័ត៌មាន។

បច្ចុប្បន្ន ក្រុមហ៊ុន Pen Media Group ដែលមាន មជ្ឈមណ្ឌលព័ត៌មាន CEN (Cambodia Express News) ជាបុត្តសម្ព័ន្ធ ត្រូវបានដឹកនាំដំណើរការដោយ លោកស្រី ជីប យុទ្ធារី ជាម្ចាស់គ្រប់គ្រង តាមប្រកាសក្រសួងព័ត៌មាន លិខិត ៣១៩ ព.ម ប្រក ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ហត្ថលេខាការអនុញ្ញាតដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ក្នុងឱកាស អបអរសាទរខួបឆ្នាំទី១៣ និងគម្រប់ខួប១ឆ្នាំ នៃកំណែទម្រង់ថ្មី មជ្ឈមណ្ឌលព័ត៌មាន CEN (Cambodia Express News) ដ៏មហានក្ខត្តឫក្សនេះផងដែរ យើងខ្ញុំ ម្ចាស់គ្រប់គ្រង គណៈគ្រប់គ្រង ក្រុមការងារនិពន្ធ និងបុគ្គលិកសហការីទាំងអស់ សូមថ្លែងអំណរគុណដ៏ស្មោះសរ និងជាអនេកកប្បការចំពោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្លិបអ្នកកាសែតកម្ពុជា មន្រ្តីអ្នកនាំពាក្យទាំងឡាយ អ្នកការទូតបរទេស សហគមន៍ជាតិ អន្តរជាតិ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មិត្តអ្នកអានជិតឆ្ងាយ ដែលបានផ្តល់ការគាំទ្រដល់ CEN ក្នុងរយៈកាលមួយឆ្នាំមកនេះ។

សូមថ្លែងអរគុណដ៏ជ្រាលជ្រៅ ដល់អតិថិជនដៃគូពាណិជ្ជកម្ម ដែលគាំទ្រផ្សាយពាណិជ្ជកម្មលើ CEN ដែលជាមូលហេតុ និងជាធាតុផ្សំដ៏សំខាន់ ជំរុញឲ្យមជ្ឈមណ្ឌលព័ត៌មាន CEN ដំណើការ អាជីវកម្មយ៉ាងរលូន បម្រើសង្គមជាតិទូទៅ។

យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ចាប់ពីថ្ងៃគម្រប់ខួប១ឆ្នាំនៃកំណែទម្រង់ថ្មីនេះទៅ CEN នឹងខិតខំពង្រឹងពង្រីកប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនឲ្យកាន់តែសម្បូរបែប ទូលំទូលាយ បម្រើជាប្រយោជន៍ដល់សង្គមជាតិ ប្រជាពលរដ្ឋ មិត្តអ្នកអាន អ្នកទស្សនាគ្រប់ទីឋាន ដោយសូមបញ្ជ្រាបខ្លួន ( CEN ) នៅជាមួយអ្នកទាំងអស់គ្នា និងសូមអនុញ្ញាតឱ្យ CEN ធ្វើជាមិត្តស្និទ្ធស្នាលបំផុតរបស់អ្នកទាំងអស់គ្នា។

ថ្ងៃអាទិត្យ៧រោច ខែចេត្រ ឆ្នាំជូត ពស ២៥៦៤
រាជធានីភ្នំពេញ, ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១
ហត្ថលេខា និងត្រា
ជីប យុទ្ធារី

×