ភ្នំពេញ ៖ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ជាទិវាខួបកំណើតនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗ ហៅលោកចេញពីក្រអៅបេះដូងថា សម្តេចពុកៗ ដោយហេតុថា អំពើល្អប្រកបដោយព្រហ្មវិហារធម៌ដែលលោកបានសាងជូនមាតុភូមិ ប្រជាជាតិ និងប្រជាជនរបស់លោក ធ្វើឲ្យលោកកាន់តែស័ក្ដិសម និងត្រូវបានការហៅបែបគោរពដ៏ខ្ពង់ខ្ពស់ដូចនេះ។
សម្តេចតេជោ ហ៊ុន សែន ខ្លួនលោកផ្ទាល់ធ្លាប់បានបញ្ជាក់អះអាងជាសាធារណៈម្តងម្កាលថា លោកមានខួបកំណើតដល់ទៅពីរខុសពីគេឯងរាល់គ្នា តែថា ១ គឺជាខួបកំណើតដែលលោកប្រសូតចេញពីឧទរមាតា មហាឧបាសិកា ឌី ប៉ុក នៅឯស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ៥សីហា ១៩៥២ , និង ២ គឺជាខួបកំណើតនយោបាយដែលលោកចូលទៅព្រៃម៉ាគី នាថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៧០ តាមការអំពាវនាវហៅរករបស់សម្តេចព្រះនរោត្តម សីហនុ ដើម្បីរំដោះជាតិពីការឈ្លានពានរបស់បរទេស។
សម្តេចតេជោ ហ៊ុន សែន ខ្លួនលោកផ្ទាល់ធ្លាប់បានបញ្ជាក់អះអាងជាសាធារណៈម្តងម្កាលថា លោកមានខួបកំណើតដល់ទៅពីរខុសពីគេឯងរាល់គ្នា តែថា ១ គឺជាខួបកំណើតដែលលោកប្រសូតចេញពីឧទរមាតា មហាឧបាសិកា ឌី ប៉ុក នៅឯស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ៥សីហា ១៩៥២ , និង ២ គឺជាខួបកំណើតនយោបាយដែលលោកចូលទៅព្រៃម៉ាគី នាថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៧០ តាមការអំពាវនាវហៅរករបស់សម្តេចព្រះនរោត្តម សីហនុ ដើម្បីរំដោះជាតិពីការឈ្លានពានរបស់បរទេស។
សម្តេចពុក ហ៊ុន សែន បានប្រសូតចេញពីគ្រួសារកសិករ មានការអប់រំបែបពុទ្ធនិយមឲ្យចេះសណ្តោសប្រណីមេត្តា ករុណា ព្រហ្មវិហារធម៌ ហើយលោកបានវិវត្តន៍ខ្លួនលោក ពីកុមារាក្មេងវត្ត យុទ្ធជនកម្មាភិបាលយោធា មេបញ្ជាការវរសេនាធំ សមាជិករណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ប្រធានសមាគមយុវជនប្រជាជនបដិវត្តន៍កម្ពុជា រដ្ឋមន្ត្រីការបរទេស នាយករដ្ឋមន្ត្រី និងជាពិសេសមុខតំណែងជាសមាជិកម្នាក់នៃគណបក្សប្រជាជនកម្ពុជា (CPP) រហូតដល់ត្រូវបានបក្សកាន់អំណាចដ៏រឹងមាំមួយនេះ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនលោក ឲ្យកាន់តំណែងជាប្រធានគណបក្សប្រជាជន (CPP) ចាប់តាំងពី ឆ្នាំ២០១៥ មក។
នៅក្នុងសៀវភៅ ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា អ្នកនិពន្ធ Harish C Mehta និងភរិយារបស់គាត់ Salie B. Mehta បានសរសេរនៅក្នុងអារម្ភកថា របស់គាត់អំពី សម្តេចតេជោ ហ៊ុន សែន ថា មាននាយករដ្ឋមន្ត្រីតិចណាស់ ដែលបានឆ្លងកាត់ជីវិតយ៉ាងច្រើន ក្នុងដំណើរជីវិតនាពេលតែមួយ ជាកុមារនៅជំទង់ ជាក្មេងប្រុសនៅវត្ត ជាទាហាន ជាវីរជនប្រកបដោយមនោសញ្ចេតនា ជាអ្នករំដោះ ជាអ្នកការទូត និងជាបុរសខ្លាំង។
សម្តេចពុក ហ៊ុន សែន បានបំពេញនូវកាតព្វកិច្ចបម្រើជាតិ អស់រយៈពេលជិតពាក់កណ្តាលសតវត្សរ៍ ហើយគ្រប់ដង្ហើមចេញចូលរបស់លោក គឺការបម្រើដ៏ស្មោះត្រង់ឥតងាករេក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ, ដោយហេតុផលនេះ ក៏បានប្រតិស្ឋានឱ្យ លោកជ្រើសរើសយក ថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៧០ នោះ គឺជាថ្ងៃខួបកំណើតតែម្ដង ដោយសម្ដេចពុក ហ៊ុន សែន លោកបានដាក់ជីវិតធ្វើដើមទុន នៅរួមសុខរួមទុក្ខជាមួយនឹងប្រជាជនគ្រប់កាលៈទេសៈ ជាពិសេសកាលៈទេសៈ ដែលប្រជាជនជួបនឹងការរងទុក្ខលំបាកវេទនា ខ្វះស្បៀង រងគ្រោះធម្មជាតិ ជំងឺតម្កាត់ ជាពិសេសរយៈពេលជាង១ឆ្នាំចុងក្រោយនេះ គឺនៅជាមួយប្រជាជន នៅជួយប្រជាជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សម្តេចពុក ហ៊ុន សែន ត្រូវបានសម្តេចឪ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សព្វព្រះរាជហឫទ័យ ផ្តល់នូវឥស្សរគោរម្យងារ គឺ ” សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ” ដោយចាត់ទុកសម្តេចតេជោ ជាអ្នកឆ្លៀវឆ្លាតក្នុងកិច្ចការនយោបាយ ដឹកនាំប្រទេសឲ្យមានសន្តិភាព ឲ្យមានការចម្រើនលូតលាស់ សមនឹងព្រះរាជបន្ទូលព្រះអង្គថា ” ព្រះរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន មានស្នាដៃដ៏ធំសម្បើមក្នុងការកសាងជាតិ មានសមិទ្ធផលជាតិដ៏ច្រើន ដែលឪឃើញនេះចេះតែលូតលាស់ ចេះតែចម្រើនទៅមុខ ” ។
សម្តេចពុក ហ៊ុន សែន មាននូវគុណូបការៈដ៏ច្រើនសម្បើមឥតគណនា ចំពោះជាតិមាតុភូមិ និងប្រជាជនរបស់លោក។ លោកគឺជាអ្នកដឹកនាំការរំដោះជាតិ អាយុជីវិតខ្មែររាប់លាននាក់ ឲ្យរួចផុតពីការកាប់សម្លាប់របស់របបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ , កំពូលអ្នកចរចាស្វែងរកសន្តិភាព ជូនជាតិកម្ពុជាឲ្យចេញផុតពីសង្គ្រាមស៊ីវិលហែកហួរ រវាងជាតិខ្មែរគ្នាឯង ដោយសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ , ដឹកនាំគោលនយោបាយឈ្នះឈ្នះ បញ្ចប់នូវសង្គ្រាមស៊ីវិលនៅកម្ពុជាបានជាស្ថាពរ នាថ្ងៃ២៩ ធ្នូ ឆ្នាំ១៩៩៨ ជាអគ្គស្ថាបត្យករសេដ្ឋកិច្ច ដោយនាំប្រជាជនកម្ពុជា មកស្គាល់សេដ្ឋកិច្ចទីផ្សារសេរី មានប្រាក់ចំណូលកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ ដឹកនាំកម្ពុជាសមាហរណកម្ម ជាអង្គការតំបន់ និងពិភពលោកជាច្រើន ជាអាទិ៍ អាស៊ាន អង្គការពាណិជ្ជកម្មពិភពលោក (WTO) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) ។ល។
ក្នុងឱកាសខួបកំណើតជីវិតនយោបាយ នៃសម្តេចពុក យើងខ្ញុំសូមសំបូងសង្រូងដល់ទេវតា រក្សាព្រះរាជាណាចក្រកម្ពុជា ដួងវិញ្ញាណក្ខន្ធបុព្វការីជនស្នេហាជាតិកម្ពុជា ប្រោះព្រំប្រទាន សិរីសួស្តី ជ័យមង្គលមហាប្រសើរ សុខភាពល្អបរិបូរណ៍ ជន្មាយុជាងរយឆ្នាំមានដល់ សម្តេចពុក ហ៊ុន សែន ដើម្បីបន្តដឹកនាំកម្ពុជាឲ្យចម្រើនលូតលាស់តទៅមុខទៀត ជាពិសេស ដឹកនាំឲ្យបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតកម្ពុជា ពិសេសរាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ : មជ្ឈមណ្ឌលព័ត៌មាន CEN