ដូចដែលយើងគ្រប់គ្នាបានដឹងហើយថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៃការឆ្លងរីករាលដាលកូវីដ១៩ គឺជាព្រឹត្តិការណ៍មួយ ដែលបានធ្វើឲ្យប្រជាពលរដ្ឋទូទៅ រងផលប៉ះពាល់បញ្ហាហិរញ្ចវត្ថុយ៉ាងធ្ងន់ធ្ងរ។ តែទោះយ៉ាងណា ដោយសារតែជីវភាពប្រចាំថ្ងៃ ដើម្បីចិញ្ចឹមក្រពះគ្រួសារ បានធ្វើឲ្យមនុស្សជាច្រើន ត្រូវតែពុះពារចំពោះឧបសគ្គនេះ ដោយបង្ខំចិត្តចាកចេញពីផ្ទះ ដើម្បីរកប្រាក់ឲ្យបានរស់មួយគ្រាៗសិន ទោះដឹងថាត្រូវប្រឈមនឹងហានិភ័យយ៉ាងណាក៏ដោយចុះ។
ជាក់ស្តែង ដូចបុរសម្នាក់ជាបុគ្គលិកដឹកអាហារតាមអនឡាញម្នាក់នេះអុីចឹង បានចេញមកនិយាយពីអារម្មណ៍ពិតមួយនេះគួរឲ្យស្រណោះជាខ្លាំង បើទោះជានៅតាមដងផ្លូវពេលយប់ស្ងាត់ជ្រងំយ៉ាងណា ក៏គាត់នៅតែព្យាយាមដឹកអាហារឲ្យភ្ញៀវ ទាំងអារម្មណ៍ភ័យខ្លាច Covid-19 ផង ទាំងសុវត្ថិភាពខ្លួនឯងផង ព្រោះតែដើម្បីកូនប្រពន្ធនៅឯផ្ទះ ជាពិសេសដើម្បីបានលុយទិញទឹកដោះគោសម្រាប់កូនភ្លោះរបស់គាត់។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ សឿង គីណា បានបង្ហោះសារបញ្ចេញពីអារម្មណ៍មួយនេះថា៖ «សួរថាខ្ញុំខ្លាច Covid-19 ហ្នឹងអត់? ចង់ប្រាប់ថាខ្លាច តែអ្វីគ្រប់យ៉ាងដើម្បីលុយ ចិញ្ចឹមក្រពះគ្រួសារ និងទឹកដោះគោកូនភ្លោះខ្ញុំ ដែលដេកចាំនៅឯផ្ទះ ហត់នឿយប្រថុយ ហានិភ័យ យ៉ាងណា ក៏ត្រូវតែទ្រាំដើម្បីគ្រួសារ និងកូន»។
ក្រោយឃើញលោកនិយាយបែបនេះ ក៏មានបងប្អូនជាច្រើន បានចូលខមិនលើកទឹកចិត្តយ៉ាងដូច្នេះថា៖ «ស៊ូៗបង គ្រប់យ៉ាងនឹងល្អឡើងវិញនៅពេលបន្តិចទៀត, ស៊ូៗ ខ្ញុំក៏ខ្លាច នរណាក៍ខ្លាច តែធ្វើម៉េចដើម្បីគ្រួសារ មានតែពាក្យថាទ្រាំប៉ុណ្ណោះ ហើយនឹងការពារខ្លួនឯង, ជីវិតជាឪពុកម្ដាយគឺបែបនេះ ខំប្រឹងឡើង ជូនពរបងមានសំណាងល្អ ហើយសូមឲ្យកូនភ្លោះមានសុខភាពល្អជៀសឆ្ងាយពីជំងឺទាំងឡាយ។ កុំភ្លេចថែរក្សាសុខភាពផង,….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


