ភ្នំពេញ ៖ ម៉ូតូកង់បីខ្មែរមួយគ្រឿង ត្រូវបានចោរធ្វើសកម្មភាពលួចយកទៅបាត់ ដោយសុវត្ថិភាព ខណ:ដែលម្ចាស់បានចាក់សោត្រឹមត្រូវ ចតទុកនៅផ្ទះក្នុងបុរីហុកឆេង រួចឡើងទៅសម្រាកលង់លក់។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងថ្ងៃទី០៤ខែមេសាឆ្នាំ ២០២១ ស្ថិតនៅត្រង់ចំណុចមុខផ្ទះលេខ៤៧A បុរីហុកឆេង ផ្លូវបេតុងHC ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីជនរងគ្រោះ មានឈ្មោះ សេង ពិសិត ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ បានដឹងថា នៅវេលាល្ងាចថ្ងៃទី០៣ខែមេសាឆ្នាំ២០២១ គាត់បានបើកម៉ូតូកង់បីខ្មែរ ទៅដឹកអីវ៉ាន់ភ្ញៀវនៅម្ដុំវត្តអង្គតាមិញ រួចក៏បានត្រឡប់មកវិញដល់ផ្ទះ នៅវេលាម៉ោងជិត៨យប់ថ្ងៃដដែល បានចតម៉ូតូកង់បីខ្មែរទុកនៅមុខផ្ទះ រួចបានចាក់សោត្រឹមត្រូវ រួចរាល់ហើយចូលផ្ទះឡើងទៅដេកលង់លក់ លុះព្រឹកឡើងថ្ងៃទី០៤ថ្ងៃខែដដែល កូនចៅបានបើកទ្វារចេញមកក្រៅ ដោយមិនឃើញម៉ូតូកង់បី ក៏បានទៅប្រាប់គាត់ថា ម៉ូតូកង់បីអត់ឃើញនៅមុខផ្ទះទេ គាត់ក៏បានចុះមករកមើល តែរកមិនឃើញ ទើបដឹងថាម៉ូតូកង់បី ត្រូវបានចោរលួចបាត់ទៅហើយ ក៏ទៅប្រាប់បងឱ្យបងជូនទៅរាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរក និងកំណត់មុខសញ្ញា តាមចាប់ជនសង្ស័យកមកផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួង សាម