ភ្នំពេញ ÷ អគ្គិភ័យមួយបានឆាបឆេះឃ្លាំងសម្រាប់ដាក់អីវ៉ាន់មួយកន្លែងបង្កការភ្ញាក់ផ្អេីលដល់កម្មករនិងប្រជាពលរដ្ឋជិតខាងបានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកជួយអន្តរាគមន៍ ភ្លាមៗផងដែរ។
ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នៅផ្លូវលេខ៣៥០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកម្មករដែលស្នាក់នៅទីនោះបានឲ្យដឹងថា ទីតាំងខាងលេីគឺជាឃ្លាំងសម្រាប់ទុកអីវ៉ាន់គ្រឿងសំណង់និងកម្មករស្នាក់នៅក្នុងនោះស្រាប់តែនៅមុនពេលកេីតហេតុខាងលើខណៈកម្មករកំពុងសម្រាកខាងក្រោម ស្រាប់តែធំុក្លិនផ្សែង ហុយខ្មួលខ្មាញ់ ចេញមកពីជាន់ខាងលេី ទេីបនាំគ្នាឡេីងទៅមេីលក៏ឃេីញមានអណ្តាតភ្លេីង ឆេះសម្ភារដែលទុកចោល ហើយភ្លាមៗនោះក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់និងខ្លះទៀតរត់ចេញមកខាងក្រៅស្រែកឲ្យប្រជាពលរដ្ឋជួយ និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ការគ្រោះអគ្គិភ័យខាងលេីនេះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញមកអន្តរាគមន៍ចំនួន៨គ្រឿងនិងប្រេីប្រាស់អស់ចំនួន៤គ្រឿង មកបាញ់ពន្លត់ក៏រលត់ទៅវិញទាំងស្រុង ។
តាមការបញ្ជាក់ពីសមត្ថកិច្ចនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះមិនមានមនុស្សរងរបួសនោះទេ ខូចខាតតែសម្ភារមួយចំនួនតែប៉ុណ្ណោះ។ ដោយឡែកមូលហេតុនៃការឆាបឆេះឃ្លាំងខាងលេីនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕
រក្សាសិទ្ធិដោយ៖ សា មេត


