ក្រុមអាជីវករ និងសន្តិសុខ នៅផ្សារអូរឬស្សី ចំនួន ១៦នាក់ទៀត ក្នុងនោះមានអាជីវករ ១២នាក់ និងសន្តិសុខ ៤នាក់ ត្រូវបានរកឃើញឆ្លងកូវីដ-១៩ គិតត្រឹមល្ងាច ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១
ហើយអាជ្ញាធរបានអំពាវនាវដល់បងប្អូន អាជីវករទាំងអស់នៅក្នុងផ្សារអូរឫស្សី ប្រញាប់ទៅផ្ដល់យកសំណាកជាបន្ទាន់ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-19 , ប៉ុន្តែប្រសិនបើ អាជីវករណានៅតែបន្តគេចវេះមិនព្រមទៅផ្ដល់សំណាក ត្រូវចាត់ការតាមច្បាប់។
ដោយសារមូលហេតុឆ្លងជំងឺកូវីដ-១៩ នេះហើយ ទើបរដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្នភ្លាមៗចំពោះមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សីរយៈពេល ១៤ថ្ងៃ ប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ កាលនោះរកឃើញអាជីវករ អនុប្រធានផ្សារ និងសន្តិសុខសរុប ៦នាក់ បានកើតជំងឺកូវីដ-១៩ ប៉ុន្តែមកដល់ពេលនេះបានកើនឡើងរហូតដល់ ១៦នាក់ហើយ។
គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៦៨៩នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន២១៥៩នាក់, អ្នកជាសះស្បើយចំនួន ១៦៥៣នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ១០១២នាក់, អ្នកស្លាប់ចំនួន ១៩នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕ រក្សាសិទ្ធិ : ពិសិដ្ឋ CEN









