បុគ្គលិកស្រីម្នាក់ មកពីភោជនីយដ្ឋានស្រាដ៏ល្បីមួយកន្លែង នៅក្នុងប្រទេសថៃ បានកំពុងបង្កការឲ្យមានការស្អប់ខ្ពើមជាខ្លាំង ក្រោយបានបញ្ចេញអាកប្បកិរិយាដ៏អាក្រក់របស់នាង ចំពោះអ្នកស្វែងរកការងារម្នាក់។ ហេតុការណ៍នេះបានកើតឡើង នៅពេលដែលនារីម្នាក់បានទៅចុះឈ្មោះធ្វើការនៅភោជនីយដ្ឋាននោះ ប៉ុន្តែ ពាក្យសុំរបស់នាងត្រូវបានបដិសេធដោយបុគ្គលិកស្រីម្នាក់ ហើយបុគ្គលិកស្រីនោះ ក៏បានទាញម៉ាស់ចេញពីមុខនារីអ្នកស្វែងរកការងារ និងបន្ទាប់មក ដេញនាងចេញពីកន្លែងហាង។
ដោយសារតែទប់អារម្មណ៍មិនបាន នារីនោះក៏បានសម្រេចចិត្តចាប់ផ្តើមថត និងដើរទៅរកបុគ្គលិកស្រីនោះវិញ ហើយសួរថាហេតុអ្វីបានជាធ្វើបែបនេះចំពោះរូបនាង។ អ្នកគ្រប់គ្រងហាងបានចេញមក ហើយព្យាយាមរម្ងាប់អារម្មណ៍អ្នកទាំងពីរ ប៉ុន្តែ បុគ្គលិកស្រីនោះ គឺកាន់តែខ្លាំងដៃ ស្ទុះទៅស្រែកដាក់នាងថែមទៀត។
ជុំវិញរឿងរ៉ាវខាងលើនេះផងដែរ ទំព័រហ្វេសប៊ុកហាងឈ្មោះថា “ Wine Connection Thailand” បានចេញមកបញ្ជាក់ឲ្យដឹងថា “ ក្រុមហ៊ុនបានទទួលការជូនដំណឹងអំពីហេតុការណ៍ហេតុនេះ។ បុគ្គលិកគឺទើបចូលថ្មី ហើយមានអាកប្បកិរិយាដែលមិនអាចទទួលយកបានឡើយ។ ក្រុមហ៊ុនមិនអាចទ្រាំទ្រនឹងសកម្មភាពបែបនេះបានទេ ហើយយើងក៏មិនបណ្តោយឱ្យបញ្ហានេះកើតឡើងទៀតដែរ។ ទង្វើរបែបនេះរបស់បុគ្គលិកស្រីរូបនេះ គឺមិនមែនជាតំណាងរបស់ក្រុមហ៊ុនទេ ហើយនាងក៏មិនមែនជាគំរូល្អ នៃស្តង់ដារសេវាកម្មដែលយើងធ្លាប់បានអនុវត្តកន្លងមកដែរ។ បុគ្គលិកនេះត្រូវបានឲ្យដើរចេញហើយ”។
អ្នកលេងអ៊ីនធឺណេតយល់ស្របថា ម្ចាស់ហាងបណ្តេញបុគ្គលិកស្រីនេះចេញ គឺជាត្រឹមត្រូវហើយ។ នាងគ្មានសិទ្ធិធ្វើសកម្មភាពមិនគោរពដល់នារីដែលកំពុងស្វែងរកការងារធ្វើឡើយ ប្រសិនបើគ្មានមុខតំណែងអ្វីដែលនាងត្រូវធ្វើ គឺជូនដំណឹងដល់នាងដោយសេចក្តីសមគួរ។
តែយ៉ាងណា អ្នកនិយមលេងអ៊ីនធឺណេត ក៏កំពុងតែស្នើសុំភ័ស្តុតាងបញ្ជាក់ថា ស្ត្រីនោះត្រូវបានគេបណ្តេញចេញ ឬអត់។ រីឯមនុស្សជាច្រើនក៏បានផ្តល់យោបល់ផងដែរថា អ្នកគ្រប់គ្រងធ្វើការងារមិនបានល្អ ក្នុងការគ្រប់គ្រងសកម្មភាពរបស់បុគ្គលិកនេះ។ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះហេតុការណ៍នេះ?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






