ទោះបីជាមានវ័យ ៦៨ ឆ្នាំ ទៅហើយក្តី ក៏ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ត្រូវបានគេបោះឆ្នោតឱ្យថាជា «បុរសមានភាពទាក់ទាញបំផុត» របស់ប្រទេសឆ្លងទ្វីបមួយនេះ ដោយជនរួមជាតិរបស់គាត់។ នេះបើតាមតាមកាសែត Daily Mail បានរាយការណ៍ឲ្យដឹងថា ការផ្តល់កិត្តិយសដល់លោក ពូទីន គឺបន្ទាប់ពីការស្ទង់មតិមួយត្រូវបានធ្វើឡើងចំពោះបុរស និងស្ត្រីរុស្ស៊ីចំនួន ២០០០ នាក់ ដោយគេហទំព័រការងារ SuperJob។
ជាការពិតណាស់ លោក ពូទីន គឺជាបុរសតែម្នាក់គត់នៅក្នុងការស្ទង់មតិ ដែលបានឈានដល់តួលេខទ្វេដង ដោយបានផ្តួលតារាសម្តែងដែលមានប្រជាប្រិយភាពរបស់រុស្ស៊ី មានដូចជា៖ Dmitry Nagiyev, Danila Kozlovsky និង Konstantin Khabensky។ ជាក់ស្តែង ១៨ ភាគរយ នៃអ្នកឆ្លើយតបជាបុរស និង ១៧ ភាគរយ ជាស្ត្រី បានបោះឆ្នោតជ្រើសរើសមេដឹកនាំវិមានក្រឹមឡាំង (Kremlin)។
យោងតាមលទ្ធផលនៃការស្ទង់មតិនេះ គេហទំព័របានលើកឡើងថា “ប្រជាជនរុស្ស៊ីនៅតែហៅលោក វ្ល៉ាឌីមៀរ ពូទីន ថាជាបុរសទាក់ទាញបំផុតនៅក្នុងប្រទេស។ ក្នុងវិស័យនេះមិនថាទាំងអ្នកសំដែងអត្តពលិក និងអ្នកនយោបាយដទៃទៀត គឺអាចប្រកួតប្រជែងជាមួយគាត់បានទេនៅថ្ងៃនេះ”។
គេហទំព័រដដែលនេះ ក៏បានធ្វើការស្ទង់មតិស្រដៀងគ្នានៅឆ្នាំ ២០២០ ដែលក្នុងនោះ លោក ពូទីន ក៏ទទួលជោគជ័យផងដែរ។
ទោះយ៉ាងណា លទ្ធផលសម្រាប់ឆ្នាំនេះ បានបង្ហាញថា ប្រជាប្រិយភាពរបស់លោកបានធ្លាក់ចុះបន្តិចម្តងៗ ខណៈលោក ពូទីន ទទួលបានសំឡេងគាំទ្រតិចជាងឆ្នាំមុន ដល់ទៅ ១ ភាគរយ។ តែយ៉ាងណា មិនមែនថា ការធ្លាក់ចុះនៃការបោះឆ្នោតស្ទង់មតិ នឹងរំខានដល់វ័យ ៦៨ ឆ្នាំ របស់គាត់នោះទេ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ថ្មីៗនេះ ប្រទេសរុស្ស៊ី ក៏បានអនុម័តច្បាប់ដែលអនុញ្ញាតឱ្យលោក វ្ល៉ាឌីមៀ ពូទីន បន្តកាន់អំណាចជាប្រធានាធិបតី រហូតដល់ឆ្នាំ២០៣៦៕
រក្សាសិទ្ធិដោយ៖ លឹម ហុង