Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី ចេញ​សេចក្ដីណែនាំ​៩​ចំណុច ពង្រឹង​ការអនុវត្ត​វិធានការ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​វិធាន​ការបង្ការ​-​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ក្នុងឱកាស​ឈប់សម្រាក​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីណែនាំ ស្តីពី​ការ​រឹតបន្តឹង​ការអនុវត្ត​វិធានការ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ និង​វិធាន​ការបង្ការ​-​ទប់ស្កាត់ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ក្នុងឱកាស​ឈប់សម្រាក នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ យុវជន​-​យុវនារី កម្មករ​-​កម្មការិនី និង​សាធារណជន​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​វិធានការ​សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ និង​វិធាន​ការបង្ការ​-​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដូចខាងក្រោម​៖

១) ត្រូវ​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ភ្លើងទៀន​-​ធូប ភ្លើងចង្ក្រាន ការប្រើប្រាស់​ប្រេងឥន្ធនៈ ឧ​ស័​ន្ម ហ្គាស និង​ចរន្តអគ្គិសនី ដើម្បី​បង្ការ ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ជាយថាហេតុ និង​ដើម្បី​បញ្ចៀស​ការបាត់​បង់ទ្រព្យ​សម្បត្តិ និង​អាយុជីវិត​ប្រជាពលរដ្ឋ​ទូទៅ​

២) ហាម​ដាច់ខាត​ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​ការលេង​បាញ់​ទឹក ជន​ទឹក គប់​ស្យុ​ង​ទឹក ប៉ាត​ម្សៅ លាប​ធ្យូង វាយ​ដោយ​រំពាត់ ឬ ឧបករណ៍​ផ្សេងៗ អុជ​ផាវ និង​គ្រឿងផ្ទុះ​ន​ផ្សេងៗ ដែលជា​សកម្ម​ភាពខុស​ច្បាប់ និង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​សង្គមជាតិ​

៣) ចៀសវាង​ការធ្វើដំណើរ​ចេញ​ក្រៅ​លំនៅឋាន ឬ​ទី​សំណាក់​ដែល​មិនចាំបាច់ និង​ចៀសវាង​ការធ្វើដំណើរ​កម្សាន្ត ឬ​ធ្វើដំណើរ​ទៅកាន់​ខេត្ត​ផ្សេងៗ ដែល​អាចជា​ហានិភ័យ​ខ្ពស់​នៃ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ទៅ​បុគ្គល​ដទៃ គ្រួសារ​ផ្សេងទៀត និង​ក្នុង​សហគមន៍​កាន់តែ​ធ្ងន់ធ្ងរ ព្រោះថា​រាជធានី​ភ្នំពេញ ត្រូវបាន​ក្រសួងសុខាភិបាល កំណត់ថា​ជាទី​តាំង​ភូមិសាស្ត្រ​ក្នុងចំណោម​៥ រាជធានី​-​ខេត្ត មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង «​ព្រឹត្តិការ​ណ៏​សហគមន៍ ២០​កុម្ភៈ​២០២១»

៤) ផ្អាក​ការរៀបចំ​សង្ក្រាន្ត «​វត្តភ្នំ​» និង​ការរៀបចំ​សង្ក្រាន្ត​តាម​បណ្តា​ខណ្ឌ​ទាំង ១៤ ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៤ គ​.​ស​.២០២១ នាពេល​ខាងមុខនេះ​

៥)​ហាម​ដាច់ខាត​ការប្រមូលផ្តុំ​រៀបចំ​កម្មវិធី​កម្សាន្ត​បែប​ប្រពៃណី កម្មវិធី​រាំច្រៀង ពិធីជប់លៀង និង​ការជួបជុំ​គ្រប់​ប្រភេទ ដែលមាន​សភាព​អ៊ូអរ និង​មាន​មនុស្ស​ចូលរួម​ច្រើន លើកលែងតែ​ការជួបជុំ​ក្នុងចំណោម​សមាជិកគ្រួសារ ដែល​រស់នៅក្នុង​លំនៅឋាន ឬ ទី​សំណាក់​ជាមួយគ្នា​

៦) គ្រប់​វត្ត​អារាម ទីកន្លែង​សក្ការៈបូជា រមណីយដ្ឋាន ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន អាជីវ​កម្មដ្ឋាន និង​ទីតាំង​សប្បាយភាព​នានា ត្រូវ​ផ្តល់​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​មាន​សមត្ថកិច្ច​ក្នុង​នោ​៖ គណៈ​គ្រប់គ្រង ឬ​ម្ចាស់​ទីតាំង ត្រូវ​ចាត់ចែង​អនុវត្ត​ដូចជា ទី​១៖ ចាត់​ឲ្យ​មាន​អ្នក​វាស់​កម្តៅ​បាញ់​អាល់កុល​-​ដែល ចែក​ម៉ាស និង​ចូលរួម​អនុវត្ត​ការ​ស្កេ​ន QR Code «​ទប់ស្កាត់​កូ​វីដ Stop Covid», ទី​២៖ អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​, ទី​៣៖ រៀបចំ​ទីតាំង​ឲ្យ​មាន​ខ្យល់​ចេញ​-​ចូល​គ្រប់គ្រាន់ ចៀសវាង​ទីតាំង​បិទ​ជិត និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក និង​ទី​៤៖ កំណត់​ចំនួន​មនុស្ស​ចេញ​-​ចូល​ជា​អតិបរមា សមាមាត្រ​ទៅនឹង​ទំហំ​ទីតាំង ចៀសវាង​ដាច់ខាត​ការ​ប្រជ្រៀត​គ្នា ឬ ប្រមូលផ្តុំ​មនុស្ស​ច្រើន ខុសពី​វិធាន​សុខាភិបាល​

៧) ចំពោះ​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​គ្រប់​ប្រភេទ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ មិនត្រូវ​ដំឡើងថ្លៃ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​ឡើយ និង​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​សុខាភិបាល សំដៅ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងចំណោម​អ្នកបើកបរ​-​បុគ្គលិក និង​អ្នកដំណើរ​ទាំងឡាយ​ដែល​ប្រើប្រាស់​សេវាកម្ម​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ខ្លួន​

៨) សូម​លើកទឹកចិត្ត​ចំពោះ​ការ​សម្រាក​ជួបជុំ​ក្រុមគ្រួសារ នៅក្នុង​លំនៅឋាន​រៀងៗ​ខ្លួន ហើយ​ប្រសិនបើ​មាន​តម្រូវ​ការចាំបាច់​ខានមិនបាន ក្នុងការ​ធ្វើដំណើរ ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​ការគោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន សម​ស្របតាម​ពាក្យស្លោក​ដែល​ដាក់ចេញ​ដោយ​
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ «​ថ្ងៃ​នេ​៖ ថ្ងៃស្អែក គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​» និង​ត្រូវអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ចូលទៅក្នុង​សហគមន៍​។​

៩) ត្រូវ​បង្កើន​ស្មារតី​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​ការពារ​ខ្លួន គ្រួសារ និង​សហគមន៍ ស្របតាម​របត់​ថ្មី គឺ «​ការរស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩» តាមរយៈ​ការប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×