Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​ប៉ូលិស​ដាក់​វិធាន​ការធានា​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

​ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ដឹកនាំ​ប្រជុំ​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ស្ដីពី “ វិធាន​ការធានា​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ “ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២១​។​

​កិច្ចប្រជុំ​នេះ ដោយមាន​ការចូលរួម​ពី​ថ្នាក់​អគ្គ​ស្នងការរង​ទាំងអស់ ប្រធាន​នាយកដ្ឋាន​-​អង្គភាព​ពាក់ព័ន្ធ និង​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត​។​

​បន្ទាប់ពី​ការអាន​ខ្លឹមសារ​លម្អិត នៃ​សេចក្តីណែនាំ​ស្តីពី​វិធាន​ការធានា​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ​រួចមក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ដាក់ចេញ​នូវ​គោលការណ៍​រួម​ដូចខាងក្រោម​៖

​ទី​១-​គ្រប់​នាយកដ្ឋាន​-​អង្គភាព​ចំណុះ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ត្រូវ​ប្រកាស​ចំណុច​ខ្ពស់​ពង្រឹង​វិធានការ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ពិសេស​នៅតាម​គោលដៅ​អាទិភាព វត្ត​អារាម រមណីយដ្ឋាន និង​ទីតាំង​កន្លែង​កម្សាន្ត​សប្បាយ​នានា ដោយ​ត្រូវមាន​ផែនការ​ចាត់តាំង​អនុវត្ត​ច្បាស់លាស់​។​

ទី​២-​គ្រប់​នាយកដ្ឋាន​-​អង្គភាព ត្រូវមាន​កម្មវិធី​ការងារ​ជាក់ស្ដែង​ដូចខាងក្រោម​៖

ក​.​ធ្វើការ​ប្ដូរ​វេន​ប្រចាំការ ២៤/២៤​ម៉ោង ដើម្បី​ធានា​និរន្តរភាព​ការងារ​។

ខ​.​ត្រូវ​ពង្រឹង​ក្រុម​ប្រចាំ​បញ្ជា ទាំង​នៅតាម​នាយកដ្ឋាន​-​អង្គភាព និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ដើម្បី​ទទួល​សំណូមពរ​របស់​មហាជន និង​ត្រូវ​ត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ សម្ភារៈ ដើម្បី​អន្តរាគមន៍​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់សភាពការណ៍​។​

ទី​៣-​ក្រើនរំលឹក​ដាស់តឿន​ដល់​គ្រប់​នាយកដ្ឋាន​-​អង្គភាព ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ឱ្យ​អប់រំ​ណែនាំ​មន្ត្រីក្រោមឱវាទ​អំពី​ការអនុវត្ត​វិធាន​សុខាភិបាល ពិសេស​អនុសាសន៍​ដឹកនាំ​របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី “ ៣​ការពារ ៣​កុំ “ ដើម្បី​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន ព្រមទាំង​ក្រុមគ្រួសារ និង​ត្រូវ​ធ្វើជា​គំរូ​ដល់​សាធារណជន​៕

រក្សា​សិទ្ធិ​ដោយ ៖ ចេស្តារ​

×