ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តឡង់គ្រីស័រមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្តកុងតឺន័រ កំពុងបើកឆ្លងផ្លូវចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យតៃកុងរថយន្តឡង់គ្រីស័រ រងរបួសបែកក្បាល។ ចំណែកឯតៃកុងរថយន្តសណ្តោងកុងតឺន័រវិញ រត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែរ កើតឡើងនៅវេលាម៉ោង៧ និង៣០ នាទីយប់ថ្ងៃចន្ទទី៥ ខែមេសាឆ្នាំ ២០២១ ចំណុចមុខបុរីហេងហៀង សុីធី ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុង ភូមិខ្ទរ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តសណ្តោងកុងតឺន័រមួយគ្រឿង ក្បាលពណ៌សពាក់ផ្លាកលេខ ព្រះសីហនុ3-A 9988 បើកបរដោយបុរសម្នាក់ធ្វើរដំណើរ តាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីលិចមកកើត ក្នុងលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ កំពុងតែបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញរថយន្តឡង់គ្រីស័រមួយគ្រឿងទៀត ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BG 6969 បើកបរដោយបរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ ជាតិលេខ៦A ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន មកបុកចំពាក់កណ្តាលរថយន្តសណ្តោងកុងតឺន័រ ពេញទំហឹងបណ្តាលឲ្យរថយន្តឡង់គ្រីស័រ រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។ ចំណែកឯតៃកុងរថយន្តសណ្តោងកុងតឺន័រវិញ បើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌជ្រោយចង្វារ ចុះមកដល់រួចបានឲ្យភាគីទាំងសងខាង ធ្វើការចរចាគ្នា ដោយឡែកភាគីតំណាងខាងរថយន្តសណ្តោងកុងតឺន័រ មិនចង់វែងឆ្ងាយ ក៏ព្រមសងជាសំណង់ទៅលើរថយន្តឡង់គ្រីស័រ ក្នុងការជួសជុលបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖ សា មេត




