ភ្នំពេញ÷បុរស២នាក់ម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតបានរត់គេចចេញពីកន្លែងកើតហេតុបន្ទាប់ពីបើករថយន្តកាមរីហាយព្រីតមួយគ្រឿងលឿនពេកខ្វះការប្រុងប្រយ័ត្នបានរេចង្កូតឡើងលើខឿនផ្លូវទៅបុករះបង្គោលស្លាកសញ្ញាពេទ្យបាក់មួយដើមរួចបន្តទៅបុករះទ្វារ របងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតទាំងស្រុង។ ចំណែកឯរថយន្តបង្កវិញរងការខូចស្ទើរទាំងស្រុង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែរកើតឡើងនៅវេលាម៉ោង០០ និង៤០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារិ៍ទី៦ ខែមេសាឆ្នាំ ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកាមរីហាយព្រីតមួយគ្រឿងពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ2-BC 0957 បើកបរដោយបុរស២នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនមិនប្រយ័ត្នខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតឡើងលើខឿនផ្លូវរួចទៅបុករះបង្គោលស្លាកសញ្ញាពេទ្យបាក់មួយដើមនិងបន្តទៅបុកទ្វាររបងផ្ទះប្រជាពលរដ្ឋបន្ថែមទៀតរងរការខូចខាតទ្វាររបងស្ទើរទាំងស្រុង។ ចំណែកតៃកុងរថយន្តបានរងរបួសធ្ងន់ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយហៅរថយន្តសាម៉ុយមកដឹកយកទៅសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យកាល់ម៉ែត រីឯអ្នករួមដំណើរម្នាក់ទៀតបានរត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌជ្រោយចង្វារចុះមកដល់រួចក៏បានទំនាក់ទំនងទៅខាងជំនាញក្រុងឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តស្ទូចមកស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅស្នងការក្រុងរង់ចាំម្ចាស់រថយន្តបង្កទៅដោះស្រាយនៅពេលក្រោយ៕
រក្សាសិទ្ធិដោយ៖ សា មេត





