Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ប្រព្រឹត្ត​អំពើហិង្សា​វាយ​កញ្ចក់​រថយន្ត​បែកខ្ទេច បង់លុយ ៥០០​ដុល្លារ ដើម្បី​បញ្ចប់​សំណុំរឿង​ហិង្សា​នៅ​ទីតាំង​ជល់​មាន់​

​កំពង់ចាម ៖ មានការ​បង្ហោះ​ផ្សព្វផ្សាយ​រូបភាព និង​ខ្លឹមសារ​ព័ត៌មាន​ពាក់ព័ន្ធ​ករណី​ប្រព្រឹត្ត​អំពើហិង្សា កើតឡើង​នៅ​ចំណុច​ផ្លូវលំ​គ្រួស​ក្រហម ស្ថិតក្នុង​ភូមិ​ឈើទាល ឃុំ​ផ្ដៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ទៅលើ​អ្នកសារព័ត៌មាន​មួយក្រុម​ដែល​បាន​ចុះទៅ​មើល ក្រុម​អ្នក​លួច​លេងល្បែង​ជល់​មាន់ និង បង់លុយ ៥០០​ដុល្លារ​ឲ្យ​ម្ចាស់​រថយន្ត ក្រោយពេល​ក្រុម​ជនបង្ក​វាយ​បែក​កញ្ចក់​រថយន្ត​ផ្នែក​ខាងក្រោយ ដើម្បី​បញ្ចប់​សំណុំរឿង​ហិង្សា​នៅ​ទីតាំង​ជល់​មាន់​។

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម សូម​អំពាវនាវ​ដល់​អ្ន​ក​សារព័ត៌មាន និង​បណ្ដាញ​សង្គម​មេត្តា​ចៀសវាង​ផលិត​រូបភាព និង​ខ្លឹមសារ​ព័ត៌មាន​ផ្សព្វផ្សាយ​ដោយ​ខ្វះ​វិជ្ជាជីវៈ ពុំបាន​ស៊ើបអង្កេត​អង្គហេតុ អង្គច្បាប់​គ្រប់​ជ្រុងជ្រោយ ដែលមាន​ឥទ្ធិពល​បង្ក​ឲ្យ​មហាជន​មានការ​ភាន់ច្រឡំ​មកលើ​ការអនុវត្ត​តួនាទី​របស់​មន្ត្រី និង​ស្ថាប័ន​អនុវត្ត​ច្បាប់​។​

​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០២១ សូម​ជម្រាបជូន​សាធារណជន អ្នកសារព័ត៌មាន និង​ពិសេស​បណ្តាញ​ទំនាក់ទំនង​សង្គម​ជ្រាបថា ថ្មីៗ​នេះ ក្រុមការងារ​ពិនិត្យឃើញ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ប៊ុ​ក​មានការ​បង្ហោះ​ផ្សព្វផ្សាយ​រូបភាព និង​ខ្លឹមសារ​ព័ត៌មាន​ពាក់ព័ន្ធ​ករណី​ប្រព្រឹត្ត​អំពើហិង្សា កើតឡើង​នៅ​ចំណុច​ផ្លូវលំ​គ្រួស​ក្រហម ស្ថិតក្នុង​ភូមិ​ឈើទាល ឃុំ​ផ្ដៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម និង​ថែមទាំង​ចោទប្រកាន់​មកលើ​មន្ត្រីនគរបាល បង់លុយ ៥០០​ដុល្លារ ដើម្បី​បញ្ចប់​សំណុំរឿង​ហិង្សា​នៅ​ទីតាំង​ជល់​មាន់​ទៀតផង​។​

​ដើម្បី​ចៀសវាង​មហាជន​មានការ​ភាន់ច្រឡំ​ពាក់ព័ន្ធ​ករណីនេះ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម សូមបញ្ជាក់ថា​៖

​ទី​១-​កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៣ និង​៣០​នាទី មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង នៅ​ចំណុច​ផ្លូវលំ​គ្រួស​ក្រហម ស្ថិតក្នុង​ភូមិ​ឈើទាល ឃុំ​ផ្ដៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម រវាង​រថយន្ត​ម៉ាក Lexus RX-300 ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ​2S-9688 បើកបរ​ដោយ​ឈ្មោះ នួន រឿន ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ​និង​ម៉ូតូ ០១​គ្រឿង ម៉ាក​អឹម​ស្លា​ស ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ លីម រ៉ាត់ ភេទ​ប្រុស អាយុ ២១​ឆ្នាំ​។ ហេតុការណ៍​នោះ​បណ្តាល​ឲ្យ​ភាគី​ខាង​រថយន្ត​ខូចខាត​បែក​កាង​ផ្នែក​ខាងមុខ រីឯ​ភាគី​ខាង​ម៉ូតូ​បែកកា​បាំង បែក​ម៉ាស៊ីន និង​វៀច​ចង្កូត ។ ភាគី​ខាង​រថយន្ត​មានបំណង​បើករថយន្ត​គេចចេញ​មិន​ទទួលខុសត្រូវ ខណៈនោះ​ភាគី​ខាង​ម៉ូតូ បាននាំគ្នា​ដេញតាម​ពីក្រោយ និង​ឈាន​ឈ្លោះប្រកែក​គ្នា​ប្រព្រឹត្ត​អំពើហិង្សា ដោយ​ភាគី​ខាង​ម៉ូតូ​យក​ដំបង​វាយ​កញ្ចក់​រថយន្ត​បណ្តាល​ឲ្យ​បែក​ផ្នែក​ខាងក្រោយ និង​ចំហៀង​ផ្នែក​ខាងឆ្វេង​រថយន្ដ ។

បន្ទាប់មក​ភាគី​ខាង​រថយន្ត​បានមក​ប្តឹង នៅ​បញ្ជាការដ្ឋាន​រាជ​អាវុធហត្ថ​ស្រុក​ជើងព្រៃ និង​បាន​បន្ត​បញ្ជូនមក​ដោះស្រាយ​គ្នា​នៅ​ផ្នែក​ជំនាញ​នគរបាល​សណ្តាប់​ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ ។ ការដោះស្រាយ​ភាគី​ខាង​រថយន្ត បាន​ព្រមព្រៀង​សម្របសម្រួល ទទួល​យកលុយ​ចំនួន​៥០០​ដុល្លារ ពី​ភាគី​ខាង​ម៉ូតូ និង​យល់ព្រម​ជា​លាយលក្ខណ៍អក្សរ​បញ្ច​ប់​រឿង​ដោយ​ពុំ​ទាមទារ​ល​ក្ខ័​ណ្ឌ​អ្វី​បន្ថែម​ទៀតឡើយ​។​

​ទី​២.​ផ្អែក​តាម​ការបំភ្លឺ​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឈើទាល ឃុំ​ផ្ដៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម និង​ផ្អែក​តាម​របាយ​រណ៍រ​បស់​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា អំឡុង​ឆ្នាំង​២០២០ នៅ​ចំណុច​ក្នុងព្រៃ​ចំការ​ស្វាយចន្ទីរ ស្ថិតនៅ​ក្នុងភូមិ​ឈើទាល ឃុំ​ផ្ដៅ​ជុំ ស្រុក​ជើងព្រៃ ធ្លាប់មាន​ក្រុម​អ្នក​លួច​លេងល្បែង​ជល់​មាន់ លួច​លេង​ម្ដងម្កាល ហើយក៏​ត្រូវបាន​សមត្ថ​កិច្ច​ចុះមក​បង្ក្រាប​ជា​បន្តបន្ទាប់ ប៉ុន្តែ​បច្ចុប្បន្ននេះ ពុំមាន​សកម្មភាព​លួច​លេងល្បែង​ជល់​មាន់ នៅ​ភូមិសាស្ត្រ​នោះ​ទៀត​ទេ​។

​ទី​៣.​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម សូម​ធ្វើការ​បដិសេធ និង​ច្រានចោល​ទាំងស្រុង​ចំពោះ​ខ្លឹមសារ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ខាងលើ និង​សូម​ចាត់ទុកថា គឺជា​ការផ្សព្វផ្សាយ​បំ​ភ្លើ​ស​ការពិត មិន​គោរព​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន និង​មាន​ចេតនា​មូល​បង្កាច់បង្ខូច​កិត្តិយស​បុគ្គល លោក​វរសេនីយ៍ទោ កាំ​ង គឹមហុង អធិការរង​នគរបាល​ស្រុក​ជើងព្រៃ ។ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម នឹង​ពិនិត្យ​ទិដ្ឋភាព​ច្បាប់​លើ​ម្ចាស់​គេហទំព័រ ព័ត៌មាន KNN និង​គេហទំព័រ​សារព័ត៌មាន​ផ្សេងទៀត​ដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​ការពិត​នេះ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សាធារណជន អ្នកសារព័ត៌មាន និង​បណ្ដាញ​សង្គម​ដែល​តែងតែ​សហការ​ផ្តល់ព័ត៌មាន ពាក់ព័ន្ធ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ដើម្បី​មាន​មូលដ្ឋាន​ចាត់វិធានការ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ទាន់ពេលវេលា យើងខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​មតិ​រិះគន់​ទាំងឡាយ​ក្នុងន័យ​ស្ថាបនា និង​ទទួលយក​ជា​មូលដ្ឋាន​ក្នុងការ​កែលម្អ​ការអនុវត្ត​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន និង​សូម​អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន និង​បណ្ដាញ​សង្គម​មេត្តា​ចៀសវាង​ផលិត​រូបភាព និង​ខ្លឹមសារ​ព័ត៌មាន​ផ្សព្វផ្សាយ​ដោយ​ខ្វះ​វិជ្ជាជីវៈ ពុំបាន​ស៊ើបអង្កេត​អង្គហេតុ អង្គច្បាប់​គ្រប់​ជ្រុងជ្រោយ ដែលមាន​ឥទ្ធិពល​បង្ក​ឲ្យ​មហាជន​មានការ​ភាន់ច្រឡំ​មកលើ​ការអនុវត្ត​តួនាទី​របស់​មន្ត្រី និង​ស្ថាប័ន​អនុវត្ត​ច្បាប់​៕

​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×