ភ្នំពេញ៖.ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្នុងករណីអ្នកជំងឺកូវីដ-១៩ មានចំនួនច្រើន ហើយមន្ទីរពេទ្យមិនមានកន្លែងទទួលព្យាបាលបាននោះ វិធានការចំពោះមុខ គឺតម្រូវឱ្យអ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះវិញសម្រាប់អ្នកជំងឺស្រាល ហើយសម្រាប់អ្នកជំងឺកូវីដ-១៩ដែលមានសភាពធ្ងន់គឺព្យាបាលនៅតាមមន្ទីពេទ្យ។
សារសំឡេង សម្តេចតេជោ ហ៊ុន សែន ថ្លែងថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២១ បានចាត់ទុកនេះ គឺជាការគិតគូរ និងជាការរៀបចំផែនការទុកជាមុនក្នុងករណីអ្នកជំងឺកើនឡើងកាន់តែច្រើន ហើយមិនអាចមានទីតាំងសម្រាប់ព្យាបាល។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ឥឡូវនេះយើងត្រូវព្យាករណ៍សភាពការណ៍ជាមុនអំពីសមត្ថភាពទ្រទ្រង់បាននៃមន្ទីរពេទ្យរបស់យើង។ បើសិនជំងឺមិនថមថយទេនោះ គឺមន្ទីរពេទ្យរបស់យើងនឹងពេញហៀរជោរជន់ទៅដោយអ្នកជំងឺទាំងស្រាល ទាំងធ្ងន់។ ដូច្នេះយើងត្រូវតែមានការរៀបចំមួយដោយ យកវិធីសាស្ត្រតាមបណ្តាប្រទេសដែលមានអ្នកជំងឺច្រើនរាប់ទាំងនៅអាមេរិក នៅបារាំង នៅអឺរ៉ុប និងប្រទេសមួយចំនួនទៀត ដែលមានអ្នកជំងឺលើសពីចំនួនពេទ្យដែលអាចទទួលបាន។
សម្តេចតេជោ បានមានប្រសាសន៍ថា ខ្ញុំស្នើឱ្យក្រុមការងាររបស់យើងរៀបចំនូវក្រមប្រតិបត្តិព្យាបាលនៅតាមផ្ទះឱ្យហើយស្រេច ហើយដល់ពេលណាមួយយើងត្រូវពិនិត្យអំពីលទ្ធភាព ក្នុងការទទួលយកមកព្យាបាលនៅមន្ទីរពេទ្យ និងទុកសម្រាប់ព្យាបាលនៅតាមផ្ទះ។ យើងមិនអាចទទួលអស់ទេ ក្នុងករណីមានការកើនឡើងថែមទៀត អ្នកជាតិច អ្នកចូលច្រើន។ ទោះបីយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀតក៏មិនគ្រប់ដែរ អ៊ីចឹងវិធីដោះស្រាយមានតែទុកអ្នកមានវិជ្ជមានកូវីដ១៩ ប៉ុន្តែស្រាលទុកព្យាបាលនៅតាមផ្ទះទៅវិញ ប៉ុន្តែត្រូវមានការវិនិច្ឆ័យឱ្យបានច្បាស់។ សម្រាប់អ្នកព្យាបាលនៅតាមផ្ទះត្រូវតែមានស្ថានភាពជំងឺស្រាល និងមានផ្ទះសមរម្យដែលអាចព្យាបាលបាន។ មួយវិញទៀត បើផ្ទះរបស់អ្នកជំងឺមានទំហំតូច អាចឆ្លងរៀលដាលទៅក្រុមគ្រួសារ ត្រូវយកទៅមន្ទីរពេទ្យ។
បើតាមសម្តេចតេជោ ហ៊ុន សែន យ៉ាងហោចណាស់អាចមានអ្នកជំងឺ ៥០ភាគរយ ដែលមានស្ថានភាពស្រាល ហើយចង់ព្យាបាលនៅតាមផ្ទះ៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ