ថ្មីៗនេះ មានការភ្ញាក់ផ្អើលទៀតហើយ ពោលគឺក្រោយលោក ហេង ឡុង ដែលទំនងជាខឹងសម្បារនឹងបុគ្គលណាម្នាក់ នៅក្នុងសង្គមសិល្បៈ បានបង្ហោះសារឡើងក្តៅចុងច្រមុះថា៖ «ផ្ញើជូនក្មេងពាល ជាអ្នកសិល្បៈមួយរូប អត់ស្គាល់មេឃធំប៉ុណ្ណា! ក្នុងនាមខ្ញុំជាប្រធានល្បីមិនល្បីខ្ញុំថតរូបទាំងអស់»។
យ៉ាងណាមិញ ក្រោយបង្ហោះសារមួយឃ្លាហៅបុគ្គលតារារូបនោះសុទ្ធតែក្មេងពាល មិនបានកន្លះម៉ោងស្រួលបួលផង លោក ហេង ឡុង ក៏បានលុបចោលទៅវិញ។ តែយ៉ាងណា សារធ្ងន់ៗនេះមួយនេះ បានធ្វើឲ្យមនុស្សជាច្រើនបានយល់ឃើញ និងចាប់អារម្មណ៍ ទៅដល់សារមួយឃ្លារបស់លោក អូន ម្ចាស់បទ «រៀបការនិងបងបានទេ» ដែលបានបង្ហោះកាលពីប៉ុន្មានថ្ងៃមុន ដែលទំនងក្នុងន័យផ្លែផ្កាទៅដល់លោក ហេង ឡុង ដោយលោកបានសរសេរបែបនេះថា៖ «សុំថតរូប ចូលមកអង្គុយកណ្ដាល ដល់ពេលគេសរសេរ Caption គាំង គិតទៅមនុស្សឥលូវសាហាវណាស់ ឲ្យតែល្បី»។
គួរកត់សម្គាល់ថា ក្រោយរឿងនេះបានផ្ទុះឡើង គេបានឃើញ លោក ហេង ឡុង បានបង្ហោះរូបអង្គុយចំកណ្តាលរវាងលោក អូន និងលោក វណ្ណដា ហើយបានសរសេរ Caption លើកសរសើរលោក វណ្ណដា ថា «វណ្ណដា ជាមនុស្សយល់ពីសិល្បៈបុរាណ និងសម័យ»។
ហេតុនេះ ដោយឃើញលោក ហេង ឡុង លើកយកតែឈ្មោះម្នាក់មកសរសើរបែបនេះ ក៏បានធ្វើឲ្យលោក អូន ហាក់មានការអាក់អន់ចិត្ត ក៏បានបង្ហោះសារផ្លែផ្កាបែបនេះទៅ ព្រោះថា លោក ហេង ឡុង បានមកសុំរូបគេថត រួមជាមួយលោក វណ្ណដា តែពេលបង្ហោះនៅលើបណ្តាញសង្គម បែរជាលើកយកតែឈ្មោះលោក វណ្ណដា មកសរសើរទៅវិញ៕
រក្សាសិទ្ធិដោយ៖ លឹម ហុង