Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ទះបាញ់ស្លាប់មនុស្ស២នាក់ ២ករណីផ្សេងគ្នា នៅស្រុកភ្នំព្រឹក

បាត់ដំបង ៖ មនុស្ស២នាក់បានស្លាប់នៅពីរកន្លែងផ្សេងគ្នា ដោយសាររន្ទះបាញ់ ខណៈភ្លៀងនិងខ្យល់យ៉ាងខ្លាំងជាមួយរន្ទះបាញ់ ចំមនុស្សស្លាប់ពីរនាក់ និងខូចខាតផ្ទះ ដែលឧបទ្ទវហេតុនេះ បានកើតឡើងនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

លោកសុង សុភ័គអភិបាលស្រុកភ្នំព្រឹក បានឱ្យដឹងថា៖ មានមនុស្សស្រី២បានស្លាប់ ដោយសាររន្ទះបាញ់នៅកន្លែង២ផ្សេងគ្នា។ លើកទី១ កាលពីរសៀលថ្ងៃទី៥ខែមេសា នៅម្តុំក្រុមទី១០ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក រន្ទះបាញ់ចំ កុមារីម្នាក់ឈ្មោះ អៀង លីណាអាយុ១២ឆ្នាំ នៅភូមិ ឃុំខាងលើ បណ្តាលឱ្យស្លាប់។ មុនពេលកើតហេតុក្មេងស្រី បានជិះកង់ទៅសុំលុយម្តាយដើម្បីទិញនំហូប។ នៅពេលត្រឡប់មកវិញ ជិតដល់ផ្ទះស្រាប់តែមានភ្លៀងនិងរន្ទះ បានបាញ់ចំនាងកំពុងជិះកង់ បណ្តាលឱ្យដួលស្លាប់តែម្តង។

លោកអភិបាលស្រុកបានបន្តថា៖ នៅវេលាម៉ោង៤រសៀលថ្ងៃដដែលនេះ ក្នុងភូមិឃុំខាងលើនេះ ក៏មានខ្យល់កន្រ្តាក់ បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ បណ្តាលឱ្យប៉ើងរបើកដំបូលផ្ទះចំនួន២ខ្នងផងដែរ។ ម្ចាស់ផ្ទះឈ្មោះ ផ្លែក ភឿត អាយុ៥៥ឆ្នាំ ផ្ទះទំហំ ៦ម៉ែត្រគុណ២០ម៉ែត្រ របើកដំបូលទាំងស្រុង ។ ឈ្មោះ កង រ៉េត ភេទប្រុស អាយុ៥២ឆ្នាំ ផ្ទះទំហំ ៥ម៉ែត្រគុណ១២ម៉ែត្រ ប៉ើងរបើកដំបូលខាងមុខ ខូចខាតស្ទើរទាំងស្រុង តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។

លោកអភិបាលស្រុកបានបន្តថា៖ លើកទី២ នៅល្ងាចថ្ងៃទី៥ខែមេសាដដែល មានភ្លៀងមួយមេលាយឡំនិងរន្ទះបាញ់ ត្រូវស្ត្រីម្នាក់ឈ្មោះ ង៉ែត ហឿន អាយុ៥២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ប្ដីឈ្មោះ ប៉ោក ម៉ន អាយុ ៥៣ឆ្នាំ មានកូនចំនួន៥នាក់ ពេលដែលស្ត្រីនោះកំពុងឈរមើលកូន ពូនរងដាំដំឡូងមី ក៏ស្រាប់តែត្រូវរន្ទះបាញ់ឱ្យស្លាប់តែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះទៅពិនិត្យសព និងបានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សួង សាម

×