Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល រៀបចំចាត់ចែងត្រៀមបម្រុងបង្កើតក្រុមគ្រូពេទ្យថែទាំ និងព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ-១៩

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើលិខិតជម្រាបជូន អភិបាលរាជធានី ខេត្ត រៀបចំចាត់ចែងត្រៀមបម្រុងបង្កើតក្រុមគ្រូពេទ្យថែទាំ និងព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ-១៩។

ឯកឧត្តមសាស្ត្រាចារ្យម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា ការត្រៀមបម្រុងបង្កើតក្រុមគ្រូពេទ្យថែទាំ និងព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ-១៩ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ។

សាស្ត្រាចារ្យម៉ម ប៊ុនហេង បានលើកឡើងទៀតថា សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូនឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាលរាជធានី -ខេត្តទាំងអស់ជ្រាបថា ដើម្បីជួយសម្រាលបន្ទុកមន្ទីរពេទ្យរដ្ឋនានាក្នុងរាជធានី -ខេត្ត ក្រសួងស្នើឲ្យត្រៀមបម្រុងបង្កើតក្រុមគ្រូពេទ្យថែទាំ និងព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ-១៩ ដែលគ្មានរោគ សញ្ញា និងករណីជំងឺស្រាល ក្នុងលក្ខខណ្ឌដែលមានការរាតត្បាតធ្ងន់ធ្ងរជាយថាហេតុ ដែលហួសពីចំណុះនៃ មន្ទីរពេទ្យរដ្ឋ ឬកន្លែងព្យាបាលដែលឯកឧត្តម លោកជំទាវ បានរៀបចំរួចជាស្រេចហើយ ។ ការត្រៀមបម្រុងនេះ ត្រូវយកក្រុមគ្រូពេទ្យនៅតាមមូលដ្ឋានសុខាភិបាលផ្ទាល់របស់ខ្លួន ដោយរៀបចំជាក្រុម និងដឹកនាំដោយប្រធាន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ។

ក្រសួងនឹងធ្វើការបណ្តុះបណ្តាលក្រុមគ្រូពេទ្យទាំងនោះ ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) ដែលក្រសួងនឹងរៀបចំជូន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត រៀបចំចាត់ចែងឱ្យមានប្រសិទ្ធភាពខ្ពស់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្នុងករណីអ្នកជំងឺកូវីដ-១៩ មានចំនួនច្រើន ហើយមន្ទីរពេទ្យមិនមានកន្លែងទទួលព្យាបាលបាននោះ វិធានការចំពោះមុខ គឺតម្រូវឱ្យអ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះវិញសម្រាប់អ្នកជំងឺស្រាល ហើយសម្រាប់អ្នកជំងឺកូវីដ-១៩ដែលមានសភាពធ្ងន់គឺព្យាបាលនៅតាមមន្ទីពេទ្យ។

សារសំឡេង សម្តេចតេជោ ហ៊ុន សែន ថ្លែងថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២១ បានចាត់ទុកនេះ គឺជាការគិតគូរ និងជាការរៀបចំផែនការទុកជាមុនក្នុងករណីអ្នកជំងឺកើនឡើងកាន់តែច្រើន ហើយមិនអាចមានទីតាំងសម្រាប់ព្យាបាល។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ឥឡូវនេះយើងត្រូវព្យាករណ៍សភាពការណ៍ជាមុនអំពីសមត្ថភាពទ្រទ្រង់បាននៃមន្ទីរពេទ្យរបស់យើង។ បើសិនជំងឺមិនថមថយទេនោះ គឺមន្ទីរពេទ្យរបស់យើងនឹងពេញហៀរជោរជន់ទៅដោយអ្នកជំងឺទាំងស្រាល ទាំងធ្ងន់។ ដូច្នេះយើងត្រូវតែមានការរៀបចំមួយដោយ យកវិធីសាស្ត្រតាមបណ្តាប្រទេសដែលមានអ្នកជំងឺច្រើនរាប់ទាំងនៅអាមេរិក នៅបារាំង នៅអឺរ៉ុប និងប្រទេសមួយចំនួនទៀត ដែលមានអ្នកជំងឺលើសពីចំនួនពេទ្យដែលអាចទទួលបាន។

សម្តេចតេជោ បានមានប្រសាសន៍ថា ខ្ញុំស្នើឱ្យក្រុមការងាររបស់យើងរៀបចំនូវក្រមប្រតិបត្តិព្យាបាលនៅតាមផ្ទះឱ្យហើយស្រេច ហើយដល់ពេលណាមួយយើងត្រូវពិនិត្យអំពីលទ្ធភាព ក្នុងការទទួលយកមកព្យាបាលនៅមន្ទីរពេទ្យ និងទុកសម្រាប់ព្យាបាលនៅតាមផ្ទះ។ យើងមិនអាចទទួលអស់ទេ ក្នុងករណីមានការកើនឡើងថែមទៀត អ្នកជាតិច អ្នកចូលច្រើន។ ទោះបីយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀតក៏មិនគ្រប់ដែរ អ៊ីចឹងវិធីដោះស្រាយមានតែទុកអ្នកមានវិជ្ជមានកូវីដ១៩ ប៉ុន្តែស្រាលទុកព្យាបាលនៅតាមផ្ទះទៅវិញ ប៉ុន្តែត្រូវមានការវិនិច្ឆ័យឱ្យបានច្បាស់។ សម្រាប់អ្នកព្យាបាលនៅតាមផ្ទះត្រូវតែមានស្ថានភាពជំងឺស្រាល និងមានផ្ទះសមរម្យដែលអាចព្យាបាលបាន។ មួយវិញទៀត បើផ្ទះរបស់អ្នកជំងឺមានទំហំតូច អាចឆ្លងរៀលដាលទៅក្រុមគ្រួសារ ត្រូវយកទៅមន្ទីរពេទ្យ។

បើតាមសម្តេចតេជោ ហ៊ុន សែន យ៉ាងហោចណាស់អាចមានអ្នកជំងឺ ៥០ភាគរយ ដែលមានស្ថានភាពស្រាល ហើយចង់ព្យាបាលនៅតាមផ្ទះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×