នេះជារឿងដ៏សែនហួសចិត្ត និងគួរឲ្យឈឺចាប់ជំនួសខ្លាំងណាស់ ខណៈបុរសជាប្តីម្នាក់ បានតាមទាន់ប្រពន្ធរបស់ខ្លួនដែលមានរូបសម្រស់វង់ភ័ក្រដូចដួងព្រះច័ន្ទ កំពុងសម្ងំនៅក្នុងបន្ទប់ VIP ជាមួយប្រុសសាហាយ នៅក្នុងផ្ទះពេទ្យមួយកន្លែង ស្ថិតនៅតាមបណ្តោយដងទន្លេសាប កាលពីរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ។
បុរសជាប្តីដែលគាត់ជាខ្មែរឥស្លាម បានប្រាប់ឲ្យដឹងថា នៅពេលរូបគាត់ចុះទៅខេត្ត គឺប្រពន្ធរបស់គាត់ តែងលួចមកទាក់ទងនឹងសាហាយនៅផ្ទះពេទ្យខាងលើពី ៣ ទៅ ៤ ដង ក្នុង១សប្តាហ៍។ គាត់ហ៊ានអះអាងបែបនេះ គឺដោយសារគាត់បានជួលគេឲ្យតាមដាន រហូតប្រពន្ធរូបនេះផ្ទុះកំហឹង ឲ្យប៉ូលីសចាប់ខ្លួនអ្នកតាមដាន ទើបយកលុយទៅដោះអស់ 200$។
ប្រធានសមាគមមួយរូបនេះ ក៏បានទម្លាយការពិតគួរឲ្យភ្ញាក់ផ្អើលថា ប្រពន្ធរបស់គាត់ពិសពុលណាស់ ដោយឲ្យគាត់ដាក់ GPS នៅឡានដែលគាត់ជិះ ប៉ុន្តែ ប្រពន្ធវិញ បដិសេធដាក់ GPS ជាប់ឡានខ្លួនជិះទេ បើឲ្យដាក់ សុខចិត្តជិះ PassApp ។ លើសពីនេះ ចំពោះទូរស័ព្ទវិញ គឺចាក់សោរដាក់លេខកូដ និងមិនឲ្យស្គាល់ Password ហ្វេសប៊ុកឡើយ។ ហើយបើទោះជាគាត់ព្យាយាមពន្យល់ណែនាំឲ្យស្លៀកពាក់ត្រឹមត្រូវគោរពប្រតិបត្តិសាសនាឥស្លាម ដូចជាពាក់ក្រម៉ានៅក្បាលយ៉ាងណា ក៏ប្រពន្ធរូបនេះមិនស្តាប់ដែរ និងផ្ទុយមកវិញ គឺស្លៀកពាក់សិចស៊ី តែងកាយឆើតឆាយ ស្កាត់មកជួបសាហាយដែលជាប្អូនប្រុសរបស់ម្ចាស់ផ្ទះពេទ្យនេះ។
គាត់បន្តថា គាត់ពិតជាហួសចិត្តខ្លាំងណាស់ នៅពេលតាមទាន់ផ្ទាល់នឹងភ្នែក ប្រពន្ធរូបនេះ បែរជាបាននិយាយនៅចំពោះមុខសាហាវខ្លួនថា រូបគាត់មិនមែនជាប់ពាក់ព័ន្ធអ្វីនឹងនាងទេ ខណៈពួកគេទាំងពីរមិនទាន់លែងលះគ្នាផង ពោលគឺនៅរស់នៅជាមួយគ្នាជាប្តីប្រពន្ធរៀបការពេញច្បាប់ និងថែមទាំងមានអេតាស៊ីវិលត្រឹមត្រូវទៀតផង។
គាត់ក៏បានបញ្ចាក់ថា ការឈានឲ្យគាត់កើតមានការសង្ស័យ រហូតតាមទាន់បែបនេះ គឺឲ្យតែរាល់ពេលគាត់ផុសរូបថតជាមួយប្រពន្ធម្តងៗ គឺប្រពន្ធតែងរករឿងឈ្លោះ និងចូលទៅលុបនៅក្នុងហ្វេសប៊ុកគាត់រហូត។
គាត់បានប្រាប់ថា គាត់បានរៀបការនឹងគ្នាមានរយៈពេល ៣ ឆ្នាំ ហើយ ប៉ុន្តែពុំមានកូននោះទេ និងបច្ចុប្បន្ននេះ ពួកគាត់រស់នៅច្រាំងចម្រេះ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង















