ស្ទឹងត្រែង ៖ បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿន ជ្រុលបុកគោយន្តពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ ដោយហេតុការណ៍នោះកើតឡើងលើកំណាត់ផ្លូវជាតិលេខ ៩ ស្ថិតក្នុងភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ នៅវេលាម៉ោង ៦និង៣០នាទី ថ្ងៃទី ៦ ខែមេសាឆ្នាំ២០២១ នៅចំណុចមុខផ្ទះ ឈ្មោះបុល ក្នុងភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់។
សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងគោយន្តកន្រ្តៃ ស្របទិសគ្នា បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់។ ម៉ូតូខូចខាត១គ្រឿង។ អ្នកបើកបរម៉ូតូឈ្មោះ ឡាម ឡុំ អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ បើកបរម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ ២០២០ ផ្លាកលេខព្រះវិហារ ១ A ៤៨៩៨ បើកបរពីលិចទៅកើត បានបុកគោយន្តកន្រ្តៃពីខាងក្រោយ ។ គោយន្តកន្រ្តៃម៉ាក HINOTA ពណ៌ក្រហម បើកបរដោយឈ្មោះ សៀត សារ៉េត ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ វាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
ករណីខាងលើនេះបណ្តាលឲ្យ ឈ្មោះ ឡាម ឡុំ ជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ នៅត្រង់ចង្កា បាក់ភ្លៅខាងឆ្វេង ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តទាំងយប់។
តាមការសន្និដ្ឋាននៅនឹងកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីកត្តា (ល្បឿនលឿន) អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព។ គោយន្តកន្រ្តៃ មិនមានបិទចំណាំងផ្លាត ។ បន្ទាប់ពីកើតហេតុភ្លាម ជនរងគ្រោះយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដឹកដោយរថយន្ត របស់អង្គភាពអធិកាដ្ឋាននគរបាលស្រុកថាឡាបរីវ៉ាត់ រីឯម៉ូតូនិងគោយន្តកន្ត្រៃ បានដកហូតយកមករក្សាទុកនៅ ប៉ុស្តិ៍រដ្ឋបាលឃុំអន្លង់ជ្រៃ រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ:សុខុម







